ពលរដ្ឋចោទថា មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ជំរិតយកលុយពីឡានដឹកស្រូវ ១គ្រឿង២ម៉ឺន៥ពាន់រៀល

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋ ឬក្រុមឈ្មួញរកស៊ីដឹកស្រូវទៅលក់នៅប្រទេសវៀតណាម បានឲ្យដឹងថា មន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មានទីតាំងស្ថិតក្នុងឃុំបន្ទាយចក្រី ខេត្តព្រៃវែង បានតម្រូវឲ្យពួកគេបង់លុយ ក្នុងមួយរថយន្តចំនួន២៥.០០០រៀល ខណៈមួយថ្ងៃៗ មានរថយន្តដឹកស្រូវរាប់សិបគ្រឿងបានឆ្លងកាត់។

ក្រុមអាជីវករ បន្តថា មិនគួរមន្ត្រីអន្តោប្រវេសន៍ប្រចាំច្រកទ្វារខាងលើនេះ មកជំរិតឲ្យពួកគាត់បង់លុយតាមការចង់បាន របស់ពួកគេបែបនេះទេ។

ឆ្លើយតបបញ្ហានេះ លោក ខៀវ ហ៊ាន ប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្ចារអន្តរជាតិបន្ទាយចក្រី បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ករណីពុករលួយនេះត្រូវបានប្រធានប៉ុស្តិ៍ចាត់ទុកថា ថវិកា ដែលឈ្មួញរកស៊ីដឹកស្រូវទៅលក់នៅប្រទេសវៀតណាមបង់មកឲ្យមន្ត្រីច្រកទ្វារនេះ គឺជាមនោសញ្ចេតនា របស់ពួកគេតែប៉ុណ្ណោះ ដោយគ្មាន្របង្ខិតបង្ខំទេ។

តាមការរៀបរាប់ និងការផ្តល់រូបថត ដែលក្រុមឈ្មួញផ្តល់ជូន អ្នកសារព័ត៌មាន បានឲ្យដឹងថា រថយន្តដឹកស្រូវជាច្រើនគ្រឿង និងឡានដឹកទំនិញផ្សេងៗទៀតដែលដឹកផលិតផលកសិ
កម្ម ទៅលក់នៅប្រទេសវៀតណាមទាំងអស់ ត្រូវបង់ប្រាក់ជូន មន្ត្រីប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី តាមការទាមទារ របស់មន្ត្រីច្រកទ្វារនោះ ទើបអាចឆ្លងកាត់ទៅលក់នៅប្រទេសវៀតណាម ដោយគ្មានការរារាំង។

ក្រុមឈ្មួញបន្តថា ក្នុងឡានដឹកស្រូវឬផលិតផលអ្វីមួយ គឺ ពួកគាត់ត្រូវបង់លុយចំនួន ២៥.០០០រៀលជូនមន្ត្រីប្រចាំការច្រកទ្វារ ដោយគ្មានវិក្ក័យបត្រផ្តល់ជូនទេ។

យ៉ាងនេះក្តី លោក ខៀវ ហ៊ាន មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បាននិយាយប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនបានដឹង
រឿងយកលុយពីឡានដឹកស្រូវហ្នឹងទេ។ ប៉ុន្តែលឥកថា ជាធម្មតាបងប្អូនកងកម្លាំងប្រដាប់អាវុធយើងបើនិយាយពី មនោសញ្ចេតនា វិញបន្តិចបន្តួចគឺមានតែពុំមានការបង្ខិតបង្ខំអ្វីឡើយ។

លោក សួន ម៉ាលីន អភិបាលរង ខេត្តព្រៃវែង ទទួលផែនសេដ្ឋកិច្ច បានឲ្យដឹងថា ចាត់ទុកការយកលុយពីឡានដឹកស្រូវ ឬឡានដឹកផលិតផលកសិកម្មទៅលក់នៅវៀតណា តាមច្រកបន្ទាយចក្រីនេះ មិនត្រឹមត្រូវទេ គឺវាខុសនឹងនីតិវិធី។ ហើយថា រថយន្តទាំងនោះកន្លងមក ខាងភាគី
វៀតណាម គេមិនឲ្យយើងឆ្លងចូលទៅខាងគេនោះទេ តែខាងប្រជាពលរដ្ឋខ្មែរយើងចេះតែសំណូមពរ។ ដូច្នេះខ្ញុំនឹងតាមដានមើលរឿងហ្នឹង និងកោះហៅអ្នកពាក់ព័ន្ធមកសួរនាំ។

ក្រុមឈ្មួញរកស៊ីដឹកស្រូវ សំណូមពរថ្នាក់ដឹកនាំឲ្យជួយពិនិត្យមើលបញ្ហានេះផង ដើម្បីសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋស្របពេលកម្ពុជាកំពុងតែ
ជួបបញ្ហា ជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង