សម្តេច ហ៊ុន សែន៖ នឹងមិនមានការស្នើសុំដាក់ប្រទេស ក្នុងគ្រាមានអាសន្នទេ ហើយក៏មិនមានការចេញបទបញ្ជា ឱ្យបិទរាជធានីភ្នំពេញដែរ..

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះថា៖ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុក នូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ជំនួសវិញ។

ពេញមួយថ្ងៃនេះ ការបំភ្លើសនានា បានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេស ក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជា ឱ្យបិទរាជធានីភ្នំពេញ ដូចការឃោសនាភូតកុហក់ របស់ជនអាក្រក់នោះដែរ។

ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង