វេជ្ជបណ្ឌិត ឱ វណ្ឌឌីន៖ ត្រូវលាងសម្អាតដៃភ្លាម រាល់ពេលចាប់កាន់វត្ថុដូចជា÷ តេលេកុម្ម៉ង់-ទូរសព្ទ-កញ្ចក់-ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ..

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន មានប្រសាសន៍ថា វីរុសកូវីដ-១៩ អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះ បើប្រៀបទៅនឹងវីរុសផ្តាសាយធម្មតាត្រឹមប្រហែលជា ១៧ថ្ងៃប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាវិទ្យាសាស្រ្តអូស្ត្រាលីដែលបានចុះផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

លោកស្រី ឱ វណ្ឌឌីន បន្តថា ការលាងសម្អាតដៃរាល់ពេលចាប់កាន់វត្ថុដូចជា÷ តេលេកុម្ម៉ង់ ទូរសព្ទ, កញ្ចក់, ក្រដាសប្រាក់ ឬក្រដាសស្នាមផ្សេងៗ គឺវាមានការចាំបាច់បំផុត ក្នុងការលាងភ្លែតក្រោយកាន់ភ្លាម។ ពោលគឺ ត្រូវលាង ឲ្យបានញឹកញាប់ ព្រោះពេលនេះ យើងមិនបានដឹងថា វីរុសកូវីដ-១៩ កំពុងតែចរាចរ មិនដឹងថានៅទីណា និងដល់ទីណាខ្លះនោះទេ។

លោកស្រី ឱ វណ្ឌឌីន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះករណីខាងលើនេះ ក្រុមគ្រូពេទ្យជំនាញ បានខិតខំទាំងយប់ទាំងថ្ងៃ មិនបានសម្រាកទេ ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់វា (វីរុសកូវីដ-១៩)។

ត្រង់ចំណុចនេះ លោកស្រីវេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា ភាគជោគជ័យ គឺ អាស្រ័យលើការចូលរួម របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា លើការអនុវត្តតាមការណែនាំ និងវិធានការសុខាភិបាលដែលបានដាក់ចេញ។

សូមចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា គ្មានកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង