សមត្ថកិច្ចស្រុកស្ទឹងត្រង់ ឃាត់ខ្លួនបុរស៣នាក់ ករណីលួចលេងល្បែងជល់មាន់ និងបាញ់អាប៉ោង ភ្នាល់ប្រាក់ខុសច្បាប់

ខេត្តកំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាម គឺលោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា កាលពីម៉ោង ០៣រសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានមករូបលោក ថាមានករណីជនសង្ស័យមួយក្រុម បានបើកលេងល្បែងជល់មាន់ និងអាប៉ោង ភ្នាល់លុយ នៅក្នុងមូលដ្ឋានឃុំអូរម្លូរ ស្រុកស្ទឹងត្រង់។

លោកបន្តថា ក្រោយទទួលបានដំណឹងខាងលើនេះភ្លាម រូបលោក ក៏បានបញ្ជារកម្លាំងជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ឲ្យសហការជាមួយកម្លាំង របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសង ខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងដាក់ប្រាក់) នៅចំណុចដីចំការស្វាយចន្ទី ស្ថិតនៅភូមិសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ ឲ្យដឹងបន្តថា មុខសញ្ញាសង្ស័យទាំង០៣នាក់ រួមមាន៖

១- ឈ្មោះ ហង់ នី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ នៅភូមិគីឡូតិ៍១៣ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

២- ឈ្មោះ ផន វណ្ណា ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ នៅភូមិជីក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

៣- ឈ្មោះ ហោ សេងហា ភេទប្រុសអាយុ៣៧ឆ្នាំ ជាតិខ្មែរ នៅភូមិអូរក្រញូង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ច ចាប់បានរួមមាន៖

១- មាន់ជល់ងាប់ចំនួន ០៤ក្បាល, ជញ្ជីងថ្លឹងមាន់ចំនួន០១, ជាលសម្រាប់ក្រុងមាន់ចំនួន១០, ស្គុតរុំខ្នាយមាន់ចំនួន ០៦ដុំ, កន្ត្រកដាក់មាន់ចំនួន០៤, កន្ធន់ទ្រចានអាប៉ោងចំនួន០១, ផ្ទិលគ្របចានអាប៉ោងចំនួន០១, ក្រណាត់សង្វៀនមាន់ពណ៌ខ្មៅចំនួន០១, ម៉ូតូចំនួន ០៨គ្រឿង (រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម) ដើម្បីបន្តនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីតាមបញ្ជារ របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

 

អត្ថបទដែលជាប់ទាក់ទង