សួងសុខាភិបាល សម្រេច​បិទទ្វារអគារ​កាណាឌីយ៉ា ដល់​ថ្ងៃទី​១៧ ខែ​ធ្នូ រីឯ​អ្នកបម្រើការងារក្នុងអគារនេះទាំងអស់ ត្រូវធ្វើ​តេស្ត​២​ដង​ទៀត

រាជធានីភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត​ជម្រាបជូន ​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល ធនាគារ​កាណាឌីយ៉ា អំពី​ការបិទ​អគារ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។

ការសម្រេច របស់ក្រសួងសុខាភិបាល​នេះ ធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់ ​របស់​សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០នេះថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ-​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល​១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។

ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​អគារកាណាឌីយ៉ា​ទាំងអស់ ត្រូវធ្វើ​តេស្ត​ជា​លើក​ទី​០២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​០៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​៕​

អត្ថបទដែលជាប់ទាក់ទង