សម្ដេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១លានដូស សម្រាប់ចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ

រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅព្រលប់ថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ថា សម្ដេច បានណែនាំឲ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងចាក់ការពារវីរុសកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូង។

ខាងក្រោមនេះ ជាសារទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន៖
កន្លងមកជាមួយនឹងការតាមដាន នូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋ និងកិច្ចហិរញ្ញវត្ថុ អោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើង ដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូស ចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់ ២ដង) ក្នុងពេលយើងមានប្រជាជន ១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង ២រូប ឲ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយ បន្ថែមមកជួយដល់ប្រជាជនយើង។

យើងសង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់យើង នឹងផ្តល់ជំនួយដល់ប្រជាជនយើង ឬយ៉ាងហោច លក់ក្នុងតម្លៃថោកសមរម្យឲ្យយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ ២ទៅ៣លានដូសថែមទៀតផងដែរ សម្រាប់ដំណាក់កាលបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង