សម្តេច ហ៊ុន សែន៖ សរុបថវិកាសប្បុរសជនចូលរួម សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ រហូតពេលនេះមានជាង១៨លានដុល្លារអាមេរិក

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាស៍ថា «បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ-១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថា នេះជា (ខឿនការពារសុខភាព របស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

សម្តេចតេជោបញ្ជាក់ថា សរុបថវិកា ដែលសប្បុរសជនចូលរួម រហូតពេលនេះមានជាង ១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយ របស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។

សម្តេចបន្តថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណា និងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖

១. ចូលតាមរយៈ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 96 19 71​ ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២. តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេននិងជំរាបជូនថា ក្នុងករណីមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណ ចំឈ្មោះពិតប្រាកដ។

ខ្ញុំព្រះករុណា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិ ក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាព របស់ប្រជាជន)៕ »

ប្រភព៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា

អត្ថបទដែលជាប់ទាក់ទង