សម្តេច ហ៊ុន សែន៖ ថវិកាដែលសប្បុរសជនបរិច្ចាគ ទិញវ៉ាក់សាំងការពារកូវីដ-១៩ មានជាង៣០លានដុល្លារ..

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៌ នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាព របស់ប្រជាជនដ៏រឹងមាំ។

មកដល់ពេលនេះ ថវិកាដែលសប្បុរសជន ចូលតាមតិចតាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង ៣០លានដុល្លារ។

ដោយមានសំណូមពរ ពីប្រជាជនយើង​ ខ្ញុំព្រះករុណាខ្ញុំ​ សុំបន្ថែមគណនី​២ទៀតនៅធនាគារអេសុីលីដា​ និងភ្នាក់ងារវីង​ ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។

សម្រាប់វីង ចំពោះប្រាក់រៀលគឺ​ 9992, ប្រាក់ដុល្លារគឺ​ 9991។

ចំពោះអេស៉ីលីដា ប្រាក់រៀលគឺ​ 00010556999989, ចំពោះប្រាក់ដុល្លារគឺ​ 00010556999999។

សូមជនរួមជាតិយើង ដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលេីនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលខ្ញុំព្រះករុណាខ្ញុំមានបំណង ចាក់ជូនប្រជាជន ឱ្យបាន ១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត ២០លានដូស និងតម្រូវការចំពោះមុខ នាដំណាក់កាលទីមួយចំនួន ១លានដូសសម្រាប់ចាក់ជូន ៥០មុឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យ និងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ។

ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថាកម្ពុជាយើង ពិតជាអាចធ្វើបាន ក្នុងស្មារតីសាមគ្គី និងការចូលរួមដូចសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង