ទំនងជាភ្លើងប្រចណ្ឌ ដន្លងនិងដន្លងឈ្លោះគ្នា ផ្ទុះអាវុធរបួសធ្ងន់ម្នាក់

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅម៉ោងជាង ០១រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្សារចាស់ស្ថិតនៅភូមិ១ សង្កាត់ដងទង់ មានករណីជម្លោះហិង្សាឈានដល់ផ្ទុះអាវុធ រវាងដន្លង ជាមួយដន្លង បណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ ហើយភាគីអ្នកបាញ់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរួចហើយដែរ។

យោងតាមរបាយការណ៍បឋម របស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បញ្ជាក់ថា ជនសង្ស័យឈ្មោះ សោម សារឿន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ (ជាសោធននិវត្តន៍) បានប្រើអាវុធខ្លីបាញ់ ទៅលើជនរងគ្រោះឈ្មោះ ង៉ែត សាយ ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ២ សង្កាត់ដងទង់ មុខរបរនេសាទ បណ្តាលឲ្យរងរបួសលើដងខ្លួន ចំនួន ០២កន្លែងធ្ងន់ធ្ងរ។

បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

របាយការណ៍បឋម របស់សមត្ថកិច្ច បញ្ជាក់ថា ករណីផ្ទុះអាវុធខាងលើនេះ បានកើតឡើងទំនងជាដោយសារភ្លើងប្រចណ្ឌពីជនសង្ស័យ ទៅលើជនរងគ្រោះដែលត្រូវជាដន្លង ថាស្រឡាញ់ប្រពន្ធរបស់ខ្លួន។

សមត្ថកិច្ច ឲ្យដឹងបន្តថា ចាប់តាំងពីពេលកើតហេតុ រហូតដល់ម៉ោងម៉ោងជាង ០៥ល្ងាចថ្ងៃដដែល ទើបជនសង្ស័យព្រមប្រគល់ខ្លួន និងអាវុធ មកឲ្យសមត្ថកិច្ចចាប់ខ្លួន។

សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ និងបន្តដោះស្រាយតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង