សម្តេច​ ហ៊ុន សែន ផ្ញើសារអបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ

រាជធានីភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែធ្នូ​ ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើ​សារ​តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ចូលរួម​អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “នេះ គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ ឲ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ នា​សម័យ​អតីតកាល និង​ការតស៊ូ​ជា​បន្តបន្ទាប់​ របស់​ថ្នាក់ដឹកនាំ​ប្រទេស ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឲ្យ​បាន​ នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​ របស់​ជាតិ និង​ពិភពលោក​ទាំងមូល​”។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ​។ បច្ចុប្បន្ន​ អង្គរវត្ត បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លេខ​១ នៅលើ​ពិភពលោក ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន​នាក់ មក​ទស្សនា និង​បាន​ស្គាល់​ពីស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា​។ កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​ របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​”។

សូមបញ្ជាក់ថា នៅថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី ២៨​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​៕

អត្ថបទដែលជាប់ទាក់ទង