អ្នកធ្វើដំណើរសាទរ អាជ្ញាធរក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់មុខផ្សារលើ ដើម្បីបញ្ចៀសកកស្ទះ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវមុខផ្សារលើ ក្រុងព្រះសីហនុ បង្ហាញការគាំទ្រចំពោះចំណាត់ការ របស់អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវជុំវិញផ្សារលើ ដើម្បីបញ្ចៀសចរាចរណ៍កកស្ទះរាល់ថ្ងៃ។

អ្នកធ្វើដំណើរ អះអាងថា ផ្លូវនៅជុំវិញផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ បានកកស្ទះជារៀងរាល់ថ្ងៃ គឺបណ្តាលមកពីម្ចាស់យានយន្ត និងអ្នកលក់ដូរមួយចំនួន បាននាំយកយានយន្តគ្រប់ប្រភេទ និងការដាក់តាំងលក់សម្ភារៈផ្សេងៗ របស់ប្រជាពលរដ្ឋ រំលោភមកលើដីចំណីផ្លូវសាធារណៈ។

ផ្តើមពីបញ្ហានេះ អាជ្ញាធរក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវជុំវិញផ្សារលើ ក្រុងព្រះសីហនុ ដោយបានចាប់យកម៉ូតូ រថយន្ត និងសម្ភារៈមួយចំនួន យកទៅរក្សាទុក នៅក្នុងបរិវេណសាលាក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ច បានបន្តថា ចំពោះយានយន្ត និងសម្ភារៈមួយចំនួន ដែលអាជ្ញាធរ បានចាប់យកទៅរក្សាទុកជាបណ្តោះអាសន្ន គឺនឹងត្រូវដាក់ពិន័យដល់ម្ចាស់ ដែលបាននាំយកយានយន្តមកចត ឬដាក់លក់សម្ភារៈផ្សេងៗ នាំឲ្យប៉ះពាល់ចំណីផ្លូវសាធារណៈ និងបង្កឲ្យមានការកកស្ទះរាល់ថ្ងៃ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះ អាជ្ញាធររដ្ឋបាលក្រុងព្រះសីហនុ បានចុះរៀបចំណ្តាប់ធ្នាប់ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខផ្សារឃ្លាំងលើ និងខាងមុខរោងចក្រញូស្តារ ស្ថិតក្នុងសង្កាត់លេខ១ ទទួលបានលទ្ធផលជោគជ័យ ក្រោយមានកិច្ចសហការពីប្រជាពលរដ្ឋ។ ហើយថា ការចុះរៀបចំសណ្តាប់ធ្នាប់ដូចគ្នានេះ នឹងចុះអនុវត្តជាបន្តបន្ទាប់ទៀត តាមគោលដៅសំខាន់ៗនានា ក្នុងក្រុងព្រះសីហនុ។

ទាក់ទិនបញ្ហានេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សង្កត់ធ្ងន់ថា ការដែលសមត្ថកិច្ច ចាប់យកយានយន្ត ឬសម្ភារៈផ្សេងៗ គឺជាការបង្ខំចិត្ត របស់អាជ្ញាធរ នៅគ្រា ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្ត និងម្ចាស់សម្ភារៈទាំងនោះ មិនសហការ ជាមួយអាជ្ញាធរ។

យ៉ាងនេះក្តី លោកអភិបាលក្រុងព្រះសីហនុ មានជំនឿថា ការចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវសាធារណៈជុំវិញផ្សារលើ និងតំបន់ទីប្រជុំជនមួយចំនួនទៀត របស់អាជ្ញាធរក្រុងព្រះសីហនុ នឹងមានការចូលរួមសហការ ពីប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យមានសណ្តាប់ធ្នាប់ល្អ និងមានសោភ័ណភាព បន្ថែមទៀតនាថ្ងៃអនាគត៕

 

អត្ថបទដែលជាប់ទាក់ទង