ក្រសួងមហាផ្ទៃ រំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នពីសកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា..

រាជធានីភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា​ ពិសេសលេីបណ្តាញទំនាក់ទំនងសង្គម​ ​ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យ របស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជន បានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែល​ របស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។

បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍ និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ ដើម្បីបញ្ជូនឧបករណ៍ទាំងនោះ ទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថា ទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុន ជាមួយខ្លួន។

៩-​ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម​ ជាបុរស​ ឬនារីស្អាតៗ​ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់​ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។

ផ្តើមពីបញ្ហានេះ នាយកដ្ឋានព័ត៌មានវិទ្យា​ បានក្រេីនរំលឹកដល់បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ​ និងធ្វេីសេចក្តីរាយកាណ៍​ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច​ នៅពេលជួបបទល្មើសខាងលើ៕

ប្រភព៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង