លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស រស់នៅក្នុងគ្រួសារក្រីក្រ ហើយខ្វះលទ្ធភាពព្យាបាលជំងឺ..

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT CAMBODIA) បានបញ្ជូនអូប័រល្បឿនលឿន ០១គ្រឿង ទៅទទួលយកក្មេងប្រុសម្នាក់ ស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅកោះរ៉ុង ដែលមានជំងឺធ្ងន់ ដើម្បីនាំយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្រោយរូបលោកបានទទួលដំណឹងពី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម កាលពីចុងសប្តាហ៍កន្លងទៅនេះថា មានក្មេងប្រុសម្នាក់ ឈ្មោះ សឹង ប៊ុនលាភ អាយុ ១០ឆ្នាំ សព្វថ្ងៃរស់នៅជាមួយ យាយតា នាមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង មានជំងឺរាគ និងចុកពោះធ្ងន់ធ្ងរ ដែលត្រូវការគ្រូពេទ្យសង្គ្រោះបន្ទាន់ ភ្លាមៗនោះ រូបលោក ក៏បានបញ្ជូនអូប័រល្បឿនលឿន ០១គ្រឿង ទៅទទួលយកកុមារកំពុងមានជំងឺ ជាមួយលោកយាយ របស់គេ ដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុភ្លាមៗ ដើម្បីទទួលការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ រហូតដល់ជាសះស្បើយ។

ក្រោយពីក្រុមគ្រូពេទ្យព្យាបាលកុមាររូបនេះ បានជាសះស្បើយឡើងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចុះជួបសួរសុខទុក្ខ កុមាររូបនេះ និងលោកយាយ របស់គេ ហើយថែមទាំងបាន រៀបចំមធ្យោបាយអូប័រ សម្រាប់ជូនដំណើរឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ ជាងនេះទៀត ក៏បាននាំយកជំនួយមួយចំនួនមានដូចជា៖ សម្ភារៈសិក្សា ម្ហូមអាហារ នុងថវិកា ចំនួន ០១លានរៀល សម្រាប់ផ្តល់ជូនលោកតា លោកយាយ សម្រាប់ដោះស្រាយជីវភាពជាមួយចៅប្រុសម្នាក់នេះ ថែមទៀតផង។

ចំណែកលោកយាយ ជាតំណាងឲ្យចៅប្រុស ដែលទើបព្យាបាលជំងឺ ជាសះស្បើយ បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបានជួយសង្គ្រោះអាយុជីវិតចៅប្រុស របស់គាត់ បានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង