នគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនជនសង្ស័យឆក់បូប ជនជាតិចិន ២នាក់ ទៅតុលាការ

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្កាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាជនជាតិខ្មែរ ពីបទឆក់កាបូបជនជាតិចិន នៅម៉ោង ២១ និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចបន្តថា ជនសង្ស័យ បានជិះម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ស្លាកលេខ តាកែវ 1V-5325 បានធ្វើសកម្មភាព ឆក់កាបូប របស់ជនជាតិចិនម្នាក់ ភេទប្រុស នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រួចជិះគេចខ្លួនយ៉ាងលឿនឆ្ពោះទៅតាមផ្លូវមុខកាស៊ីណូ វិមានខ្សាច់ស។ ប៉ុន្តែភា្លមៗនោះ ជនរងគ្រោះ បានជិះរថយន្ត ០១គ្រឿង ម៉ាក LEXUS RX330 ពណ៌ស ដេញតាមពីក្រោយ ពេលដេញដល់ចំណុចមុខកាស៊ីណូ ស៊ីនយ៉ុងលិ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ម៉ូតូ របស់ជនសង្ស័យ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូកង់បី (PASS APP) ០១គ្រឿង ដែលជិះបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យដួលរងរបួសស្រាល ហើយជនរងគ្រោះបានមកទាន់ រួចចុះពីរថយន្តទៅយកកាបូប ដែលជនសង្ស័យទាំង ០២នាក់ ឆក់បានពីគាត់មកវិញ ហើយឡើងជិះរថយន្តចេញទៅបាត់ទៅ។

ភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចបានទៅដល់ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ តែម្តង។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ៖

១- ឈ្មោះ អ៊ុក សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចរោងចក្រទឹកកកអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

២- ឈ្មោះ ឃឹម តី ហៅ ពេជ្រ ភេទស្រី (ភេទទី៣) អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចក្រោយហេភីប៊ឺហ្គឺ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

ចំណែកវត្ថុតាង ដែកសមត្ថកិច្ច ចាប់យកបានរួមមាន៖

– ម៉ូតូ១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស ស្លាកលេខៈ តាកែវ 1V-5325 (មធ្យោបាយជិះធ្វើសកម្មភាព)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង