ចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន៤នាក់ និងថ្នាំញៀនជិត៦០គីឡូក្រាម ដែលបង្រ្កាបនៅ២ទីតាំងខុសគ្នា កសាងសំណុំរឿងបញ្ជូនទៅតុលាការ

រាជធានីភំ្នពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា នៅចំណុចក្បែរ វិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាលទ្ធផល ៖ ចាប់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុរ:ឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២។

វត្ថុតាងចាប់យករួមមាន ៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ ក្រាម, រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។ លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ១៩និង១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលពីលោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង (រាជធានីភ្នំពេញ) និង ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្តឈាន ទៅបង្ក្រាបបានបណ្តាញខ្សែរយៈ នៅចំណុចតាមបណ្តោយផ្លូវជិតផ្សារអគ្គមុខបេនឡានក្រុង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល ៖ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់រួមមាន ៖ ១-ឈ្មោះ សេង ដាលីនសិដ្ឋ ហៅ ចិន ភេទប្រុស កើត ១៩៨០ ជនជាតិខ្មែរ (ទើបចេញពីពន្ធនាគារ), ២-ឈ្មោះ ហុង យៀង ហៅ ទី យៀង ភេទស្រី កើត ១៩៧៥ ជនជាតិខ្មែរ, ៣-ឈ្មោះ ឯល ហ្វាយុ ហៅ ហុង ម៉េងសឺ ភេទប្រុស កើត ២០០៥ ជនជាតិ ខ្មែរ ។វត្ថតាងចាប់យករួមមាន ៖ ១-មេតំហ្វេតាមីន(ICE) ៥៦៨៥,៧២ ក្រាម, ២-មេតំហ្វតាមីន(WY) ៣៨៤,៨៧ ក្រាម, ៣-ហេរ៉ូអ៊ីន ៣២២,៣៨ ក្រាម, ៤-អ៊ិចស្តាស៊ី ១៦៣៥,១៥ ក្រាម, ៥-កេតាមីន ៦៧២,៩៧ ក្រាម, ៦-នីមេតាហ្សេប៉ាម ១៤,៥៨ ក្រាម ។ គ្រឿងញៀនសរុបទម្ងន់ ៨ គ.ក្រ ៧១៥,៦៧ ក្រាម។ ដោយឡែកសារធាតុមិនច្បាស់លាស់ទម្ងន់ ៩០២៨,៦៣ ក្រាម និងអាវុធខ្លី ចំនួន ១ ដើម ម៉ាក Glock ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំ រឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង