លោក អេង ជាសាន អះអាងថា ត្រីប្រហុកឆ្នាំនេះ នឹងកើនឡើងជាងឆ្នាំមុន..

រាជធានីភ្នំពេញ៖ ប្រធានរដ្ឋបាលជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គឺលោក អេង ជាសាន មានប្រសាសន៍ថា រដូវធ្វើ ផ្អក ប្រហុក និង​ត្រីឆ្អើ សម្រាប់​ទុក​ សម្រាប់បរិភោគ​ប្រចាំ​ឆ្នាំ​ របស់ប្រជាណលរដ្ឋខ្មែរ នៅទូទាំងប្រទេសកម្ពុជា បានចូលមកដល់ហើយ។ ដូច្នេះ លោកសូមអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ នៅទូទាំងប្រទេសកម្ពុជា ដែល​មាន​បំណង​ចង់​ធ្វើត្រីប្រហុក ឬផ្អកជាដើម សូមអញ្ជើញ​ទៅ​ទិញ​ត្រី​ នៅក្នុង​ខែបុស្ស​នេះ ហើយនៅឆ្នាំ២០២០នេះ​ ទំនងជាត្រីប្រហុក អាច​នឹង​ត្រូវច្រើនជាង​រាល់​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​ របស់​រដ្ឋបាល​ជលផល ស្តីពី “រដូវធ្វើប្រហុក ផ្អក” ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២០​ បាន​បង្ហាញថា នៅក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២០-២០២១​នេះ បន្ទាប់ពី​បាន​ធ្វើ​ការសង្កេត​តាមដាន​លើ​កំពស់​ទឹក​ ដែល​ហូរ​ចេញពី​បឹង​ទន្លេសាប​រួចមក ឃើញថា​ កន្លង​ដាយ​នៅតាម​ដង​ទន្លេសាប ក្នុង​ភូមិ​សាស្ត្រ​រាជ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន​នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់ពី​ថ្ងៃទី​២០ រហូតដល់​ថ្ងៃ​ទី​២៦ ​ខែធ្នូ ឆ្នាំ​២០២០​នេះ ប្រសិនបើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ និងមិនទទួលរង​ឥទ្ធិពល​ព្យុះ​ណាមួយនោះ​ទេ។​

​សេចក្តី​ជូនដំណឹង​ដដែល​នេះ បន្តថា យោង​តាម​ស្ថានភាព​ ដូច​បាន​ជម្រាប​ជូន​ខាងលើ រដ្ឋបាល​ជលផល​ បានរំលឹកដល់ប្រជាពលរដ្ឋ សូមអញ្ជើញ​មក​ទិញ​ត្រី​ សម្រាប់ធ្វើប្រហុកផ្អក ឲ្យបានទាន់ពេលវេលា នៅក្នុង​ខែបុស្ស​នេះ នៅតាមរាជធានី-ខេត្ត ដូច​បាន​ជម្រាបជូន​ខាងលើនេះ​។​

​បន្ថែមលើនេះ លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ក៏បានសំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ សូមជួយបង្ក​លក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ទៅមក ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិតផល​ត្រី កុំ​ឲ្យ​មានការ​រាំងស្ទះ​៕

អត្ថបទដែលជាប់ទាក់ទង