មន្រ្តីអាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋ ពេលឃើញសត្វភេរ រស់នៅក្នុងតំបន់អង្គរ សូមកុំធ្វើបាប និងកុំឱ្យចំណីវាស៊ី!

ខេត្តសៀមរាប៖ អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាន នៃអាជ្ញាធរជាតិអប្សរា គឺលោក ជូ រ៉ាឌីណា បានឱ្យដឹងថា សត្វភេរចំនួន ០៤ក្បាល ដែលអាជ្ញាធរជាតិអប្សរា បានយកលែងឱ្យរស់បែបធម្មជាតិ នៅតំបន់ខ្លោងទ្វាខ្មោច ជិតប្រាសាទបាយ័ន ឥឡូវនេះ វាបានរស់នៅសុខសាន្តតាមបែបធម្មជាតិ នៅក្នុងតំបន់ខាងលើនេះ និងបានចេញដើរឆ្ងាយៗជាងមុន ដែលពេលខ្លះដើររហូតទៅដល់បារាយណ៍ទឹកថ្លា ប៉ុន្តែពួកវា មិនដែលភ្លេចកន្លែង ដែលវារស់នៅទេ ពោលគឺពួកវាតែងតែត្រឡប់មកវិញ។

លោកបន្តថា នៅពេលសត្វភេរនេះចេញដើរឆ្ងាយៗ ដែលពេលខ្លះ ត្រូវឆ្លងកាត់ជិតផ្ទះអ្នកភូមិរស់នៅ ដូច្នេះនៅពេលបងប្អូនឃើញពួកវា សូមកុំធ្វើបាបវា ហើយកុំឱ្យចំណីវាស៊ីឱ្យសោះ។

ត្រង់ចំណុចនេះ លោក ជូ រ៉ាឌីណា បានពន្យល់ថា សត្វភេរនេះគឺអាជ្ញាធរអប្សរា ឱ្យរស់នៅបែបធម្មជាតិរបស់វា ដោយឱ្យវាដើររកចំណីដោយខ្លួនឯង ព្រោះបើយើងឱ្យចំណីវាស៊ី វានិងធ្លាប់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។ ដូចជាករណីសត្វស្វា រស់នៅក្នុងតំបន់អង្គរបច្ចុប្បន្ននេះចឹងដែរ ពេលភ្ញៀវទេសចរទៅលេងអង្គរ តែងតែឱ្យចំណីវា ស៊ី ដូច្នេះពេលវាឃើញមនុស្សមក វាតែងតែរត់ ទៅរកមនុស្ស និងដណ្តើមរបស់នេះ របស់នោះពីមនុស្ស ដែលពេលខ្លះ ធ្វើឱ្យយើងបាត់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដោយសារវាផងដែរ។

ចំណុចនេះហើយ បានរូបលោក សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានជួប និងសត្វភេរដែលកំពុងរស់នៅក្នុងតំបន់អង្គរ សូមកុំទៅជិតវាកុំឱ្យចំណីវាស៊ីឱ្យសោះ ព្រោះថា បើយើងឱ្យវាស៊ីថ្ងៃក្រោយពេលវាឃើញមនុស្ស វានឹងរត់មករកមនុស្ស ហើយយើងគ្មានអ្វីឱ្យវាស៊ីទៀតវាអាចបង្កគ្រោះថ្នាក់ដល់យើងដូចជា៖ តាមខាំដណ្តើម របស់ដែលនៅជាប់ខ្លួនយើង ហើយអាចធ្វើឱ្យយើងមានរបួសផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ បើយើងស្រលាញ់វាមែននោះ យើងត្រូវរួមគ្នាការពារ កុំឱ្យមានអ្នកធ្វើបាបវាទៅបានហើយ៕

 

ប្រភព៖ គេហទំព័រតេជៈអង្គរវត្ត news

អត្ថបទដែលជាប់ទាក់ទង