នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ករណីរក្សាទុកអាវុធខុសច្បាប់..

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុកអាវុធខុសច្បាប់។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ១៣ និង៥០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា ឃើញជនជាតិចិនម្នាក់ ពាក់អាវខ្មៅ មានស្ពសយកាបូបជសប់ខ្លួន ហើយសង្ស័យមានអាវុធខ្លី បានឡើងជិះរថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732 នៅចំណុចផ្លូវពយកំពេញចាស់ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ភ្លាមៗនោះ រូបលោក ក៏បានបញ្ជាកម្លាំងជំនាញ ផែនការងារ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងទីតាំងខាងលើ ហើយត្រួតពិនិត្យរថយន្ត០១គ្រឿង ដែលសង្ស័យនោះ។

លោក ជួន ណារិន្ទ បន្តថា ជាលទ្ធផល ត្រួតពិនិត្យ នៅជាប់ខ្លួនជនជាតិចិនរូបនោះ រកឃើញមានអាវុធខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង០១ និងមានគ្រាប់ ០៩គ្រាប់។

លោកស្នងការបន្តថា បន្ទាប់មកសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនជាតិចិនម្នាក់នោះ និងរថយន្ត ០១គ្រឿងខាងលើ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ។

សមត្ថកិច្ច បន្តថា ជនសង្ស័យខាងលើនេះ ឈ្មោះ Wu Hai Zhu ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ពុំមានលិខិតឆ្លងដែនជាប់ខ្លួន ហើយស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះ វត្ថុតាងចាប់យកបាន រួមមាន៖ អាវុធខ្លី ០១ដើម ម៉ាក SIGSAUER ពណ៌ខ្មៅ មានលេខសម្គាល់ 58C315204 បង់កាំភ្លើង០១ និងមានគ្រាប់ ០៩គ្រាប់, ទូរស័ព្ទដៃ ០៣គ្រឿង (ម៉ាកi-Phone X ពណ៌ខ្មៅ ០១គ្រឿង, ម៉ាកi-Phone X11 ពណ៌ទឹកមាស ០១គ្រឿង និងម៉ាក i-Phone X 12 ពណ៌ខ្មៅ ០១គ្រឿង), រថយន្ត ០១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ស្លាកលេខ ភ្នំពេញ 2AT-6732។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង