កូនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ១ក្បាលថ្មីទៀត ត្រូវបានកត់ត្រា នៅក្នុងទីជម្រកនៃទន្លេមេគង្គ

ខេត្តក្រចេះ៖ ក្រុមអ្នកជំនាញរដ្ឋបាលជលផល នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិទ្យាសាស្រ្ត នៃអង្គការ WWF បានឲ្យដឹងថា កូនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ០១ក្បាលថ្មីទៀត ត្រូវបានកត់ត្រា នៅក្នុងទីជម្រក នៃទន្លេមេគង្គ របស់វា
ក្នុងការតាមដានស្ថានភាព សត្វផ្សោតប្រចាំខែ របស់ក្រុមអ្នកជំនាញ មកពីរដ្ឋបាលជលផល នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិទ្យាសាស្រ្ត នៃអង្គការ WWF កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

អ្នកជំនាញទាំងនោះ បានថតរូបកូនសត្វផ្សោត ដែលទើបនឹងកើតថ្មី ខណៈពេលដែលកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ០៧ក្បាលផ្សេងទៀត នៅទីតាំង កាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កាំពី ជាអន្លង់សត្វផ្សោតសំខាន់មួយ ក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀតស្ថិតនៅចន្លោះពី ទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការ រស់នៅរបស់ ថនិកសត្វទឹកសាបប្រភេទ រងគ្រោះជិតផុតពូជមួយនេះ។

ក្រុមស្រាវជ្រាវ បានប៉ាន់ប្រមាណថាសត្វផ្សោត ដែលទើបនឹងកើតថ្មីនេះមានអាយុប្រមាណ ០៤ថ្ងៃ (មកទល់ថ្ងៃនេះ) ហើយជា កូនផ្សោតទី០៩ ហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាទុកក្នុងឆ្នាំ ២០២០នេះ។

របាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុប មានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។

ការការពារសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ឲ្យស្ថិតនៅគង់វង្សគឺមានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រី ដែលត្រូវបាន អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានចំនួនជាង ១.១០០ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ៕

អត្ថបទដែលជាប់ទាក់ទង