ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ដឹកនាំ​កិច្ចប្រជុំ​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ​ និងបង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុងក្រុងភ្នំពេញ​

រាជធានី​ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីរសៀល​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ បាន​ដឹកនាំ​កិច្ចប្រជុំ​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ដោយដាក់​ចេញ​ នូវ​វិធានការ​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ក្មេង​ទំនើង​ ដែល​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​ ស្រប​ពេល​សង្កេតឃើញ​ថា​ សកម្មភាព​ របស់ក្រុម​ក្មេង​ទំនើង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ហាក់បានកំរើក​ឡើង​វិញ​ ក្នុងរយៈពេល​ចុង​ក្រោយ​នេះ​ ក្រុម​ក្មេង​ទំនើង​ បាន​បន្តធ្វើ​សកម្មភាព​វាយតប់​គ្នា​ និង​ឈាន​ទៅ​ធ្វើអំពើ​ឆក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ថែមទៀត​ផង។​

សមត្ថកិច្ច បន្តថា ​ជាក់ស្តែង​ដូច​ជា​៖ ករណី​មាន​ក្មេង​ទំនើង​ ០១​ក្រុម​គ្នា​ ១០​នាក់​ កាលពី​យប់​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ផ្លូវ​សុធារស​ភូមិ​២​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ បាន​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ០២​នាក់​ ជិះ​ម៉ូតូ​ ០១​គ្រឿង​ ឌុ​ប​គ្នា​ បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​ និង​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ ខណៈ​ដែល​ជន​រង​គ្រោះ​គ្រាន់តែ​ជិះ​ម៉ូតូ​មើល​មុខ​ក្រុម​ជនសង្ស័យ​។​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ភ្លាម​ ជនសង្ស័យ​ ០២​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចតុមុខ​បង្ក្រាប​ចាប់ខ្លួន​ ចំណែក​បក្ខពួក​០៨​នាក់​ទៀត​រត់គេច​ខ្លួន​។​

​កិច្ចប្រជុំ​ខាងលើ​នេះ មានការចូលរួម​ពី​ លោកស្នងការ​រង​ទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​, លោកស្នងការ​រង​ទទួល​ផែនការ​ងារ​សេនាធិការ​, លោកនាយ​ការិយាល័យ​ជំនាញ​ និង​លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​ ១៤​ ក្នុងរាជធានី​ភ្នំពេញ​។​

​នាឱកាសនោះ លោកស្នងការ​រង​ , លោកនាយ​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ និង​លោក​អធិការ​នគរបាល​ខណ្ឌ​មួយ​ចំនួន​ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ នៃ​ការ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ និង​ពិភាក្សា​ដាក់​ចេញ​វិធានការ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​នៅ​ក្នុង​មូលដ្ឋាន​ ឱ្យ​បាន​ជាក់លាក់​ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​។​

​ត្រង់ចំណុចនេះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏បាន​មាន​ប្រសាសន៍​ជំរុញ​ដល់ លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ទៅ​លើ​ការងារ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ និង​ដាក់​បទបញ្ជា​ ឱ្យ​មានការ​ទប់ស្កាត់​ក្មេង​ទំនើង​នេះ​ ឱ្យ​មាន​ប្រសិទ្ធភាព​។

លោកបន្តថា ក្នុង​ករណី​ក្មេង​ទំនើង​បង្ក​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ត្រូវ​ចាប់នាំខ្លួនបញ្ជូន ទៅ​ចាត់ការ​តាម​ច្បាប់​ ដោយ​មិន​គិត​ថា​ក្មេង​ទំនើង​នោះ​ជា​កូន​អ្នក​ណា​នោះ​ឡើយ​។

បន្ថែមលើនេះ លោក ស ថេត ក៏​បាន​ណែនាំ​ដល់ លោកស្នងការ​រង​ ទទួល​ផែនការ​ងារ​សេនាធិការ​ និង​លោកស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ ត្រូវ​ចុះ​តាមដាន​ត្រួតពិនិត្យ​ពង្រឹង​ការងារ​ នៅ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ស្តី​ពី​ការ​គ្រប់គ្រង​មុខសញ្ញា​ក្មេង​ទំនើង​ ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បីចៀសវាង​ការ​ធ្វើ​របាយការណ៍​ភូត​កុហក ស្តី​ពីមុខ​សញ្ញា​ក្មេង​ទំនើង​ នៅតាមមូលដ្ឋានរៀងៗខ្លួន​។

​ពាក់ព័ន្ធ​ក្មេង​ទំនើង​នេះ តាម​របាយការណ៍​ របស់​ស្នងការដ្ឋាន​នគរបាល​រាជ​ធា​នីភ្នំពេញ​ ក្នុងរយៈពេល​ ០១​ឆ្នាំ​ គឺ​ឆ្នាំ​២០២០​ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្មេង​ទំនើង​បាន ៦៨១​ករណី​ ឃាត់ខ្លួន​១០៣៩​នាក់​។ ក្នុង​នោះ​ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ៥០៦​ករណី​ និង​ករណី​បង្ក​ការ​អុកឡុក​នៅ​ក្នុង​មូលដ្ឋាន​១៧៣​ករណី​៕

អត្ថបទដែលជាប់ទាក់ទង