ក្មេងទំនើងធ្វើសកម្មភាពឆក់កាបូប ក្នុងក្រុងព្រះសីហនុ ចាប់កម្រើកឡើងវិញ ប៉ុន្តែគេចមិនផុតពីនគរបាលទេ..

ខេត្តព្រះសីហនុ៖ អាណាព្យាបាល និងអាជីវករ រស់នៅខេត្តព្រះសីហនុ បានអះអាងថា បទល្មើសចោរឆក់កាបូប នៅតាមផ្លូវសាធារណៈ ក្នុងក្រុងទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ បានកម្រើកឡើងវិញ នៅក្នុងចុងឆ្នាំ២០២០នេះ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ មានជនសង្ស័យជាក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូបលុយ ពីជនជាតិចិន នៅតាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ហើយជិះគេចបាត់ពីកន្លែងកើតហេតុ ដោយសុវត្ថិភាព។

យ៉ាងនេះក្តី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយទទួលស្គាល់ថា នៅម៉ោង ២១ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ មានបុរស ជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដោយអះអាងថា នៅវេលាម៉ោង ១៨ និង០០នាទី ថ្ងៃទី២៩ ខែធ្នូនេះ មានជនសង្ស័យចំនួន ០៤នាក់ បានជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបលុយ របស់គាត់ ខណៈរូបគាត់ កំពុងដើរតាមផ្លូវជាមួយមិត្តភ័ក្តិ នៅមុខផ្សារទំនើប CDF ត្រង់ចំណុចម្តុំឆ្នេរអូរឈើទាល ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដោយនៅក្នុងកាបូបលុយ របស់គាត់ មានលុយ ៨,០០០ដុល្លារអាមេរិក (ប្រាំបីពាន់ដុល្លារអាមេរិក)។

លោក ជួន ណារិន្ទ បន្តថា បន្ទាប់ពីសមត្ថកិច្ចទទួលបានបណ្តឹង របស់ជនរងគ្រោះ ភ្លាមៗនោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានចុះធ្វើការស្រាវជ្រាវ និងឈានទៅចាប់ខ្លួន ជនសង្ស័យ និងបក្ខពួក ជនល្មើសជាបន្តបន្ទាប់សរុបចំនួន ០៨នាក់ (ស្រី-០១នាក់) នាំយកមកសួរនាំនៅស្នងការដ្ឋានគបាលខេត្ត។

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះបទល្មើសខាងលើនេះ កម្លាំងជំនាញ កំពុងសួរនាំ ដើម្បីឈានដល់កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង