លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិតមនុស្ស លិចទូកកណ្តាលលម្ហសមុទ្រ ឲ្យរួចពីសេចក្តីស្លាប់

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, SPEED BOAT, CAMBODIA) បានបញ្ជូនបុគ្គលិកក្រុមអូរប័រល្បឿនលឿន ទៅជួយសង្គ្រោះ ជនរងគ្រោះចំនួន ០៤នាក់ ដែលជួបហេតុការណ៍លិចទូក នៅក្នុងលម្ហសមុទ្រ ត្រង់ចំណុចឃ្លងកោះថាស និងកោះដែកគោល នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ឲ្យរួចផុតពីសេចក្តីស្លាប់។

សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចខាងលើនេះ គឺជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ឆ្ពោះមកក្រុងព្រះសីហនុ ប៉ុន្តែលុះមកដល់ចំណុចឃ្លងកោះថាស និងកោះដែកគោល ទូកនេះ ក៏ខូចម៉ាសុីន រួចអណ្តែតលើផ្ទៃសមុទ្រ ដែលមានរលកបោកបក់ខ្លាំង បណ្តាលឲ្យទូកលិចចូលទៅក្នុងទឹកសមុទ្រ។

ភ្លាមៗក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនបុគ្គលិក ក្រុមអូរបរ័ល្បឿនលឿន ចេញជួយស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទំង ០៤នាក់ ដោយសុវត្ថិភាព នៅម៉ោងជាង ០៨ព្រឹកថ្ងៃទី០៣ ខែមករានេះ។

សមត្ថកិច្ច ឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់មាន៖ ឈ្មោះ ប៊ុត ឈុន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ តៃកុងទូក៥២, ឈ្មោះ យ៉ុន ប៊ុនយ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកូនដៃទូក៥២, សឿន ពែក ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ កូនដៃទូក៥២ និង ឈ្មោះ សេស ផានិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិក សុីហៅន៍។

បច្ចុប្បន្នជនរងគ្រោះទាំង០៤នាក់ ត្រូវក្រុមការងារអូរប័រល្បឿនលឿន របស់លោកឧកញ៉ា ទៀ វិចិត្រ បានស្រង់ចេញពីក្នុងទឹកសមុទ្រ ដឹកនាំយកទៅកាន់ភូមិកោះតូច​ សង្កាត់កោះរ៉ុងសន្លឹម ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង