ករណីបាត់ស្បែកជើងមួយគូឈានដល់យោធាពាក់ផ្កាយ១ បំរើការងារនៅអយ្យការយោធាម្នាក់ ដកកំភ្លើងខ្លី វាយសន្តិសុខម្នាក់សន្លប់

ខេត្តកណ្ដាល៖ មន្ត្រីអង្គការការពារសិទ្ធិមនុស្សមួយចំនួន កំពុងតាមឃ្លាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកណ្តាល ទៅលើករណីមន្ត្រីយោធាពាក់ផ្កាយ០១ម្នាក់ ដែលបានដកកាំភ្លើងខ្លីពីចង្កេះបញ្ចូលគ្រាប់ រួចវាយក្បាលសន្តិសុខម្នាក់ បណ្តាលឲ្យបែកក្បាលដួលសន្លប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចនគបាលស្រុកអង្គស្នួល បានឲ្យដឹងថា ហេតុការខាងលើនេះ កើតឡើងនៅមុខមន្ទីរសម្រាកព្យាបាល ផុន សុខម៉េង ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីម៉ោង១២ និង២២នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

សមត្ថកិច្ច ឲ្យដឹងបន្តថា ជនដៃដល់ក្នុងសំណុំរឿងប្រើហិង្សានេះ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា បំរើការងារនៅតុលាការយោធា ចំណុះក្រសួងការពារជាតិ។ រីឯជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា​ ភេទប្រុស​ អាយុ ២៩ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន សាវែនស្តា។

ទាក់ទិនបញ្ហានេះ ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ បានឲ្យដឹងថា ដើមចម ដែលនាំឲ្យមន្ដ្រីយោធា ដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យបែកក្បាលដួលសន្លប់ ក្នុងថ្លុកឈាមខាងលើនេះ គឺផ្ដើមចេញពីរឿងបាត់ស្បែកជើងមួយគូ ហើយជនបង្ក បានហៅប្រធានសន្ដិសុខ មកដោះស្រាយ ប៉ុន្តែត្រូវប្រធានសន្តិសុខ បានពន្យាពេលមិនព្រមមកជួប ទើបឈានដល់ជនបង្ក ខឹងសម្បារ និងបានដកកាំភ្លើងវាយក្បាលកងសន្តិសុខឯកជនម្នាក់ បែកក្បាលដួលសន្លប់ក្នុងថ្លុកឈាម។

បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នូល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

ចំណែក ក្រុមគ្រួសារសន្តិសុខរងគ្រោះ ក្នងសំណុំរឿងហិង្សាខាងលើ ក៏បានសំណូមពរដល់ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ដល់គ្រួសារ របស់គាត់ ដោយអនុគ្រោះ។

ចំណែក ក្រុមមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ក៏កំពុងតាមដាន លើករណីជនល្មើស ឈ្មោះ ហេង គាហុង ជាមន្រ្តីយោធា បំរើការងារនៅតុលាការយោធា ដែលបានដកកាំភ្លើង វាយក្បាលកងសន្តិសុខម្នាក់ បែកក្បាលដួលសន្លប់ ក្នុងថ្លុកឈាមខាងលើនេះ ដោយយកចិត្តទុកដាក់៕

អត្ថបទដែលជាប់ទាក់ទង