ថ្ងៃនេះកម្ពុជា ផ្ដល់ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសនេប៉ាល់

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានជូនអំណោយដល់រដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ នូវ ម៉ាសចំនួនជាង ២លាន និងបរិក្ខារពេទ្យចំនួន ១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេសចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។

ជំនួយនេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ហើយ ដែលកម្ពុជា បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ បានផ្តល់ម៉ាសជាង ២លានសន្លឹក និងសម្ភារពេទ្យមួយចំនួនទៀតដល់ប្រទេសឡាវ, ផ្តល់ម៉ាសជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលកម្ពុជា បានរៀបចំរួចរាល់ដាក់ចូលយន្ដហោះ ដឹកទៅប្រគល់ជូន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ។

អំណោយសប្បុរសធម៌ របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល នៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន ២លាន, ម៉ាសក្រណាត់ ១០ម៉ឺន, ម៉ាស N95 ចំនួន ២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន ២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាម ក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕

អត្ថបទដែលជាប់ទាក់ទង