តុលាការសម្រេចឃុំខ្លួន ឃាតករ ចាក់សម្លាប់នារីសិស្សសាលាម្នាក់ នៅក្រុងតាខ្មៅ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត

ខេត្តកណ្តាល៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ជួន វណ្ណៈ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនឃាតករឈ្មោះ ទូច សុជាតិ ហៅ អាដំរី ឬ អាម៉ាប់ អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសចាក់សម្លាប់នារីសិស្សសាលាអាយុ ១៨ឆ្នាំ ម្នាក់។

ប្រភពបានឲ្យដឹងថា ឃាតករខាងលើនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សមត្ថកិច្ច ឲ្យដឹងថា អំពើឃាតកម្ម នេះ កើតឡើងនៅចំណុចបន្ទប់ជួល លេខ៨ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ហើយថា នារីរងគ្រោះ ឈ្មោះ ផេង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យហ៊ុនសែនតាខ្មៅ ទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ឃាតករដែលចាក់សម្លាប់ក្មេងស្រី អាយុ ១៨ឆ្នាំ បានសារភាពថា មូលហេតុ ដែលខ្លួនយកកាំបិតចាក់សម្លាប់ស្ត្រីរងគ្រោះ ដោយសារតែខ្លួន ខ្លាចជាប់គុក ព្រោះនារីរងគ្រោះបានគំរាមថា នឹងប្រាប់ឪពុកម្ដាយ ឲ្យដឹងពីករណីខ្លួន ចាប់រំលោភសេពសន្ថវៈ ស្ត្រីរងគ្រោះ កាលពី៧ថ្ងៃមុន។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ជាមួយក្រុមគ្រួសារមានគ្នា ៥នាក់, មានឪពុក ម្តាយ និង ប្អូន ០២នាក់ទៀត។ លុះមកដល់ម៉ោង០៦ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ឪពុក ម្តាយ បានចេញទៅធ្វើការរោងចក្រ និងប្អូនប្រុស បានចេញទៅរៀន។

ស្រាប់តែម៉ោង៧ព្រឹកថ្ងៃដដែល បងប្អូនអ្នកជិតខាងនៅជិតបន្ទប់ជួលស្ត្រីរងគ្រោះ ក៏បានឮសំឡេងស្រែក ក៏នាំគ្នាទៅមើល ហើយឃើញស្ត្រីរងគ្រោះដេកសន្លប់ក្នុងថ្លុកឈាមក្នុងបន្ទប់ ហើយឃើញស្នាមចាក់ជាច្រើនកាំបិត រួចក៏នាំគ្នាយកស្ត្រីរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ប៉ុន្តែស្ត្រីរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតមានឃាតកម្មខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានបញ្ជាកម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូត ឈានដល់ឃាត់ខ្លួន ឃាតករ ដែលដើរមកបង្ហាញវត្តមាន នៅទីតាំងកើតហេតុ ធ្វើដូចខ្លួន គ្មានដឹងរឿងអ្វីកើតឡើងសោះ៕

ប្រភព៖ CPC NEWS

អត្ថបទដែលជាប់ទាក់ទង