បើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ នាខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដោយមានការចូលរួមពីលោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ជូនអង្គពិធីថា សាលារៀនខេត្តព្រះសីហនុ មានចំនួន ១០១សាលា ក្នុងនោះមត្តេយ្យដាច់ដោយឡែកមាន ០១សាលា, បឋមសិក្សាចំនួន៧២, អនុវិទ្យាល័យ១៨, វិទ្យាល័យ ០៩, សាលាគរុកោសល្យ និងវិក្រឹតការ ០១កន្លែង។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរ ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០- ២០២១ ព្រមទាំងបានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនថ្មី នៃការចាប់ផ្ដើមសិក្សាដំបូង របស់ក្មួយៗ ដែលទើបដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីបន្ទាប់ពីបានឆ្លងកាត់នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា២០១៩- ២០២០ កន្លងមក ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ក្រោមទស្សនទានថ្មី នៃគន្លងជីវិតថ្មី ក្នុងវិស័យអប់រំ ដោយរក្សាគម្លាត ការលាងសម្អាតដៃ ការវាស់កំដៅ។

លោក គួច ចំរើន បន្តថា ក្នុងសហគមន៍នាឆ្នាំកន្លងមក ការបង្រៀនតាមបណ្ដាញឌីជីថល តាមទូរទស្សន៍ មិនអាចឱ្យសិស្សរៀនបានគ្រប់គ្នានៅទូទាំងខេត្តបានទេ ដោយសារពួកគាត់ខ្វះស្មាតហ្វូន និងកន្លែងមួយចំនួនមិនមានសេវា Internet តែទោះបីយ៉ាងណា លោកគ្រូ អ្នកគ្រូក៏ខិតខំចុះទៅតាមសហគមន៍ ដើម្បីធ្វើយ៉ាងឱ្យសិស្សបានសិក្សាផងដែរ។

ទន្ទឹមនោះលោកអភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារនាឆ្នាំកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទូទាំងខេត្តព្រះសីហនុ ទទួលបានលទ្ធផលល្អ។

បន្ថែមលើនេះលោក គួច ចំរើន បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ និងទទួលនូវចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីមានធនធាន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង