មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា ពលករខ្មែរធ្វើការនៅថៃ អាចប្រឈមនឹងការជួញដូរ ខណៈជំងឺកូវីដ-១៩ បានផ្ទុះខ្លាំងនៅប្រទេសនេះ

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានបង្ហាញការព្រួយបារម្ភ ចំពោះការជួញដូរមនុស្សលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ជាង ០១លាននាក់ ទាំងស្របច្បាប់ និងមិនស្របច្បាប់ ខណៈប្រទេសថៃ កំពុងផ្ទុះរីករាលដាលខ្លាំង នូវជំងឺកូវីដ-១៩នោះ។

លោកស្រី ជូ ប៊ុនអេង ថ្លែងប្រាប់អ្នកយកព័ត៌មានដូច្នេះ បានធ្វើឡើងក្រោយបញ្ចប់​កម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ ថ្នាក់ជាតិ ​ស្តីពីរបាយការណ៍សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍ (MGI) និងកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ (GCM) នៅសណ្ឋាគារ Raffles រាជធានីភ្នំពេញ ​ព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ។

លោកស្រី ជូ ប៊ុនអេង បានបានឲ្យដឹងថា វាជាការព្រួយបារម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ​ ដោយសារពួកគេអាច​បន្តប្រឈម នឹងការចាញ់បោកពួកអគតិមួយចំនួនតូច (មេខ្យល់) បោកបញ្ឆោតពួកគេ តាមរូបភាពផ្សេងៗ ក្នុងអំឡុងដែលពួកគាត់ មិនអាចដើរចល័តរកការងារធ្វើបាន នៅក្នុងប្រទេសថៃនោះ។

​លោក​បន្តថា ​បច្ចុប្បន្ននេះ អាជ្ញាធរកម្ពុជា បានសហការគ្នាជាមួយសមត្ថកិច្ចថៃ កំពុងបន្តស្រាវជ្រាវស្វែងរកចាប់មេខ្យល់ ដែលបោកប្រជាពលរដ្ឋខ្មែរ ឲ្យផ្សងគ្រោះថ្នាក់ឆ្លងកាត់ព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃ ខណៈ​ប្រទេសថៃ បានរឹតត្បិតការដើរចល័ត របស់ពលករបរទេសនោះ។

​លោកស្រី ជូ ប៊ុនអេង បានថ្លែងប្រាប់អ្នកកាសែតបន្តទៀតថា គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ពលករខ្មែរដែលបានចាកចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ គឺមានប្រហែលជាង ១៣ម៉ឺននាក់ ប៉ុន្តែពួកគេ ក៏ត្រូវបានអាជ្ញាធរកម្ពុជា ធ្វើការឃាត់ខ្លួន ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល​ ក៏ដូចក្រសួងសុខាភិបាលកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី១២ ខែមករានេះ ពលករខ្មែរដែលបានចាក់ចេញពីប្រទេសថៃ ចូលមកកម្ពុជាវិញ ត្រូវបាន​រកឃើញឆ្លងមេរោគកូវីដ-១៩ ចំនួន ២៧នាក់ ខណៈពលកររាប់រយនាក់ផ្សេងទៀត កំពុងបន្តធ្វើចត្តាឡីស័កនោះ៕

ប្រភព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង