មន្ត្រីនគរបាលក្រសួងមហាផ្ទៃថា ជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មាន របស់គណនីវីង (Wing) តាមរយៈកម្មវិធី Telegram

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យថា បច្ចុប្បន្ននេះ មានជនខិលខូចមួយចំនួន កំពុងតែចែកចាយតំណភ្ជាប់ តាមរយៈកម្មវិធី Telegram ដោយសន្យាថា លោកអ្នកនឹងទទួលបានលុយកាក់ ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើនេះ។ ប៉ុន្តែជាក់ស្តែង នៅពេល​ លោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា៖ ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម..។

មន្ត្រីជំនាញដដែល បញ្ជាក់ថា បើតាមការឆ្លើយតប របស់ក្រុមហ៊ុន Wing តាមរយៈសារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram នោះទេ។ ហេតុដូច្នេះសូម ប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ទូរស័ព្ទ ឬប្រើប្រព័ន្ធ Telegram កុំចុចលើតំណភ្ជាប់នោះឲ្យសោះ ហើយត្រូវបញ្ឈប់ការចែកចាយព័ត៌មានខាងលើនេះ តាមបណ្ដាញទំនាក់ទំនងសង្គមតទៅទៀត។

ផ្តើមពីបញ្ហានេះ មន្ត្រីនគរបាលជំនាញ នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ​សូមអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់ ទូរស័ព្ទ ឬប្រព័ន្ធ Telegram សូមមានការប្រុងប្រយ័ត្នជាមួយការបោកបញ្ឆោតមួយចំនួន មានដូចជា៖ ការឈ្នះរង្វាន់ និងការទទួលបានទំនិញផ្ញើពីបរទេស ដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះទាំងនេះ គឺជាល្បិច របស់ជនខិលខូច ដើម្បីបោកបញ្ឆោតយកប្រាក់កាស របស់លោកអ្នក ឬយកទិន្នន័យទាំងនោះ ដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោតផ្សេងៗទៀតតែប៉ុណ្ណោះ៕

ប្រភព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង