ក្រសួង​​កសិកម្ម​​ផ្អាក​​ការ​​ដឹក​ជញ្ជូន​​សត្វ​​បក្សី​​ ចេញ​​ចូល​ក្នុង​​ភូមិ​​មួយ​​ នៅខេត្តបាត់ដំបង ក្រោយ​​ផ្ទុះ​​ជំងឺ​​ផ្តាសាយ​​បក្សី​..

ខេត្តបាត់ដំបង៖ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់​ភូមិ​មួយ​ ក្នុង​ខេត្តបាត់ដំបង ជា​តំបន់​ផ្ទុះ​ជំងឺ​គ្រុនផ្តាសាយ​បក្សី ​(H5N1​) ដោយ​ផ្អាក​ការនាំចេញ​ចូល និង​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ក្នុងរង្វង់ ៣គីឡូម៉ែត្រ​ តាម​វិធានការ​ណ៍បសុពេទ្យ ក្រោយ​មាន​សត្វ​មាន់ ទា និង​ក្ងាន​ ជាង១ ៤០០ក្បាល បាន​ឈឺ​ និង​ងាប់​ជាបន្តបន្ទាប់។

យោង​តាម​ប្រកាស​ របស់ក្រ​សួង​កសិកម្ម ស្ដីពី​ការកំណត់​តំបន់​ជំងឺ​ផ្កា​សាយ​បក្សី នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួង​ បានសម្រេច​កំណត់​តំបន់​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង។

ក្រសួង​បាន​ណែនាំ​ ទៅ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ ត្រូវ​ចាត់វិធានការ​ណ៍បសុព្យាបាល​នៅ​តំបន់​ផ្ទុះ​ជំងឺ ដោយ​ត្រូវ​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​ ក្នុងរយៈពេល ៣០ថ្ងៃ និង​ត្រូវ​បំផ្លាញ​ចោល​ ចំពោះ​បក្សី​គ្រប់​ប្រភេទ ទៅតាម​វិធាន​បច្ចេកទេស​បសុពេទ្យ។

ជាងនេះទៀត ក្រសួងសុខាភិបាល ក៏បាន​តម្រូវ​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ លើ​ការទិញ​លក់ និង​ការ​ដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ក្នុងរង្វង់​កាំ​ប្រវែង ០៣គីឡូម៉ែត្រ និង​ត្រូវ​ត្រួតពិនិត្យ​ឃ្លាំមើល​ចលនា​បក្សី​ជាប្រចាំ​ ក្នុងរង្វង់​កាំ​ប្រវែង ១០គីឡូម៉ែត្រ ពី​ចំណុច​ផ្ចិត​ នៃ​តំបន់​ផ្ទុះ។

ទាក់ទិនបញ្ហានេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន ប្រាប់​វី​អូ​ឌី​ នៅ​ថ្ងៃអង្គារ​ ទី១២ ខែមករា ឆ្នាំ២០២១នេះ​ថា​ ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី ទៅលើ​សត្វ​បក្សី​នេះ បាន​កើតឡើង​នៅក្នុង​កសិដ្ឋាន​របស់​កសិករ និង​ជាម​ន្ត្រី​សុខាភិបាល ឈ្មោះ ហូ​ ណាំ នៅ​ភូមិ​ព្រែក​តា​ច្រែង កាលពី​អំឡុង​ថ្ងៃទី០៥ ដល់​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១នេះ។

លោក​រដ្ឋមន្ត្រី បន្ត​ថា ក្រោយដឹង​ករណីនេះ​ភ្លាម មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ក៏បាន​ចុះទៅ​ពិនិត្យ និង​យក​សំណាក​សត្វ​មាន់​ទា​ ដែល​ងាប់​នោះ ទៅ​ធ្វើតេស្ត ហើយ​លទ្ធផល​បង្ហាញថា សត្វ​ដែល​ងាប់​ទាំងនោះ បាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី (H5N1​)។

លោក​បន្ថែម​ថា៖ «សុំ​ឱ្យ​អ្នកចិញ្ចឹមសត្វ​ទាំងអស់​ហ្នឹង មានការ​តាមដាន​នៅ​តាម​កសិដ្ឋាន​របស់​ខ្លួន ដោយ​យើង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​កសិដ្ឋាន​របស់​ខ្លួនឱ្យ​បាន​ល្អ​ប្រសើរ​ទៅ​នៅ​តា​មក្បែរៗ​ហ្នឹង ហើយ​ត្រូវ​តាមដាន​នូវ​ប្រភេទ​ជំងឺ​ហ្នឹង​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់និង​ការ​រីក​រាលដាល​បន្ត​ទៀត»។

ប្រធានមន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង លោក ឈឹម វជិរា មានប្រសាសន៍​ថា កសិដ្ឋាន​ដែល​ផ្ទុះ​ជំងឺ​បក្សី​នោះ ជា​កសិដ្ឋាន​ចិញ្ចឹមសត្វ​បក្សី​លក្ខណៈ​គ្រួសារ ដែល​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​អ្នកស្រុក និង​មាន​ចិញ្ចឹមសត្វ​មាន់​ជាង ១ ៣០០ក្បាល សត្វ​ទាកាប៉ា​ជាង១០០ក្បាល និង​សត្វ​ក្ងាន​ប្រហែល២០ក្បាល។

លោក​បន្ត​ថា ក្រោយ​ផ្ទុះ​ជំងឺ​នេះ មន្ត្រី​ជំនាញ​ បាន​ចុះទៅ​ធ្វើ​ជីវៈ​សុវត្ថិភាព​ដោយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​កប់​សត្វ​បក្សី​ដែល​ងាប់​ទាំងអស់ ដោយ​មិន​ឱ្យ​យកចេញ​ទៅណា ឬលក់ដូរ និង​បរិភោគ​នោះ​ទេ ខណៈ​មន្ត្រី​កសិកម្មក៏បាន​និង​កំពុង​បន្ត​តាមដាន​សុខភាព​សត្វ​បក្សី​នៅ​តំបន់​ ដែល​ផ្ទុះ​ជំងឺ ដើម្បី​កុំឱ្យ​មានការ​រីក​រាលដាល​បន្ត​ទៀត​ទៅ​តំបន់​ផ្សេង។

លោក​បន្ថែម​ថា៖ «បងប្អូន​កសិករ​ ប្រសិនជា​មាន​មាន់​ងាប់​ជាបន្តបន្ទាប់ សុំ​ឱ្យ​រាយការណ៍​មក។ យើង​នឹង​ចុះទៅ​ធ្វើអន្តរាគមន៍​ជាបន្ទាន់ ដើម្បី​ពិនិត្យមើល ទាំង​ធ្វើ​ជីវៈ​សុវត្ថិភាព ទាំង​ការ​រក​វត្ថុ​វិភាគ​ ដើម្បី​ពិនិត្យមើល​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ពួក​គាត់ឃើញ​មាន់​រាង​សំកុក រាង​ឈឺ សុំ​គាត់​កុំ​យក​ទៅ​ចែក​ឱ្យ​បងប្អូន​យក​ទៅ​ហូប យក​ទៅ​លក់​នៅ​ខាងក្រៅ ដែល​វា​អាច​ធ្វើ​ឱ្យ​ឆ្លង​ទៅ​តំបន់​ផ្សេង»។

ប្រធានមន្ទីរ​កសិកម្ម​រូប​នេះ បន្ត​ថា មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍និង​តំបន់​ក្បែរ​នោះ ឱ្យ​បាន​យល់ដឹង មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​នេះ​បន្ត​ទៀត ខណៈ​អាកាសធាតុ​កំពុង​ចុះ​ត្រជាក់។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ នៃ​ក្រសួងសុខាភិបាល លោក លី សូ​វ៉ាន់ ប្រាប់​វី​អូ​ឌី តា​មតេ​ឡេ​ក្រាម​ថា ម្ចាស់​កសិដ្ឋាន​ ដែល​ចិញ្ចឹមសត្វ​មាន់ ហើយមាន​ផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី​នោះ កំពុង​ស្ថិត​ក្រោម​ការតាមដាន និង​ការពិនិត្យ​វត្ថុ​សំណាក​ពី​ក្រុម​គ្រូពេទ្យ​នៅឡើយ ដោយ​មិនទាន់​ដឹង​លទ្ធផល​ថាមានការ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​នៅឡើយ។

លោក​បន្ថែម​ថា៖ «ពិតមែនតែ​ខាង​ពេទ្យសត្វ​គាត់​បាន​ធ្វើ​ជីវៈសុវត្ថិភាព និង​សម្លាប់សត្វ​មាន់​អស់ហើយ​ក៏ដោយ ​ប៉ុន្តែ​ក្នុងអំឡុងពេល៧ថ្ងៃមុន [បើសិន​ពលរដ្ឋ​បាន​] ប៉ះពាល់​ជាមួយ​បក្សី​ដែល​បាន​ឈឺ​ងាប់​ហ្នឹង ហើយ​ចេញ​រោគសញ្ញា ដូចជា ​គ្រុនក្តៅ​ឬក៏​ឈឺក​ហ្នឹង ដូច្នេះ​សុំអញ្ជើញ​ទៅ​មណ្ឌលសុខភាពឬមន្ទីរ​ពេទ្យ​បង្អែក​នៅ​ជិត​ហ្នឹង ដើម្បី​ធ្វើការ​ពិគ្រោះ​ជំងឺនិង​ប្រាប់​ពី​ប្រវត្តិនៃ​ការ​ប៉ះពាល់​សត្វ​មាន់​ងាប់​នោះ ឬក៏​អាច​ទូរសព្ទ​ទៅ​លេខ ១១៥

ដើម្បី​សួរ​ព័ត៌មាន​បន្ថែម​ក៏បាន»។

បើ​តាមលោក លី សូ​វ៉ាន់ ជំងឺ​ផ្តាសាយ​បក្សី​ បាន​កើតឡើង​ដំបូង​បំផុត​លើ​សត្វ​បក្សី​នៅ​កម្ពុជា នៅ​ឆ្នាំ២០០៣ និង​កើត​លើ​មនុស្ស​នៅដើម​ឆ្នាំ២០០៤។ លោក​បន្ត​ថា ពីឆ្នាំ២០០៤ ដល់​ឆ្នាំ២០១៥ ក្រសួង​រក​ឃើញ​ជំ​ងឺ​ផ្តា​សាយ​បក្សី​ឆ្លង​ទៅ​មនុស្ស ៥៦ករណី ក្នុង​នោះ ៣៧ករណីបាន​ស្លាប់។

លោក​បន្ថែម​ថា ចាប់ពី​ឆ្នាំ២០១៥ រហូតមកដល់​ឆ្នាំ២០២០ ក្រសួង​ពុំ​បាន​រក​ឃើញ​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ឆ្លង​មក​មនុស្ស​ទៀត​ឡើយ ទើបតែ​មាន​ករណី​ផ្ទុះ​ឡើងវិញ​ នៅ​ភូមិ​ព្រែក​តា​ច្រែង ក្នុង​ខេត្តបាត់ដំបង​នេះ។

ចំពោះករណីនេះ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿ​ន បាន​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ ជុំវិញ​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នេះ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​បន្ត​ដល់កន្លែង​ផ្សេង​ ឬខេត្ត​ផ្សេងទៀត។

លោក​ក៏បាន​ស្នើ​ដល់​ ក្រសួង​ជំនាញ ស្វះស្វែង​រក​វ៉ាក់សាំង​មក​ចែក​ជូន​ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ចាក់​ការពារ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ និង​ត្រូវ​ជួយ​គាំទ្រ ដូចជា ពូជសត្វឬថវិកា ក្រោយ​សត្វ​ របស់​ពួក​គេ​ស្លាប់​ដោយសារ​ជំងឺ​បែបនេះ។

លោក​បន្ថែម​ថា៖ «យើង​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ទប់ស្កាត់និង​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់ ដើម្បី​បញ្ចៀស​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្តាសាយ​ហ្នឹង​ទូទាំង​ប្រទេសឬបណ្តា​ខេត្ត​ផ្សេងទៀត ដែល​នាំ​ឱ្យ​មាន​បញ្ហា​កាន់តែ​ធំនៅក្នុង​បរិបទ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹមនិង​ខាត​ផលប្រយោជន៍​របស់​កសិករឬប្រជាពលរដ្ឋ»។

តាម​ឯកសារ​របស់​អង្គការសុខភាព​ពិភពលោក សរសេរ​ថា ជំងឺ​ផ្តាសាយ​បក្សី ឆ្លងតាម​ការ​ប៉ះពាល់​ទឹកសំបោរ ទឹកមាត់ និង​លាមក​សត្វ​ឈឺឬងាប់ ដែល​បណ្ដាលមកពី​មេរោគ H5N1 នេះ។ ឯកសារ​ដដែលបន្ត​ថា ទោះបីជា​ជំងឺផ្ដាសាយបក្សី មិន​ងាយ​ឆ្លង​ពី​មនុស្សម្នាក់​ទៅ​មនុស្សម្នាក់​ទៀត​ក្ដី ក៏​វា​អាច​ឆ្លង​រាលដាល​ដូចគ្នានឹង​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ដែរ ប្រសិនបើ​វា​វិវត្ត​ផ្លាស់ប្ដូរ​នោះ​។

សូមអាន សេចក្តីប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖

 

 

ប្រភព៖ VOD

អត្ថបទដែលជាប់ទាក់ទង