បិទផ្សាយឯកសារ​វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋរស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០២១នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបិទផ្សាយជាសាធារណៈ នូវឯកសារ​ នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ ដែលអញ្ជើញជាអធិបតី ក្នុងពិធីខាងលើនេះ មានប្រសាសន៍នៅចំពោះមុខ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីបញ្ហាវិវាទដីធ្លីថា ដើម្បីបិទបញ្ចប់​សង្គ្រាម​ដីធ្លីឲ្យទទួលបសនជោគជ័យ លុះត្រាតែមានការចូលរួម​សហការ​ ពី​សំណាក់​ប្រជាពលរដ្ឋ កម្លាំង​ប្រ​ដាប់អាវុធគ្រប់ប្រភេទ និង​មន្ត្រី​មូលដ្ឋាន ជា​មួយ​រដ្ឋបាល​ស្រុក ក្រុង ស្ថាប័ន​ជំនាញ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុផងដែរ។

បន្ថែមលើនេះ លោក គួច ចំរើន ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែល​ពាក់ព័ន្ធដីធ្លី ក្នុងតំបន់​វិនិច្ឆ័យ​ខាងលើ ត្រូវចូល​រួមពិនិត្យ លើទិន្នន័យ ដែលមាននៅក្នុងឯកសារ នៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់ ពីភាពត្រឹមត្រូវ ឬខុសឆ្គង​ដែលត្រូវកែតម្រូវ ឬជំទាស់​លើទិន្នន័យទាំងនោះ ក្នុង​រយៈពេល​ ១៥ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២១ជាកំហិត នៅក្នុងបរិវេណវត្ត​ឧត្តម​មុនី​វង្ស។

លោកអភិបាលខេត្តព្រះសីហនុ បន្តថា ថ្ងៃផុតកំណត់ទិន្នន័យ​ដែលបានបិទផ្សាយជូន​ពិនិត្យ​ជា​សាធារណៈ​នេះ មានភាពត្រឹមត្រូវហើយ​ គែមិន​អាច​ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតទេ៕

ប្រភព៖ Huy Bunleng News

អត្ថបទដែលជាប់ទាក់ទង