ផលអំបិលឆ្នាំមុននៅខេត្តកំពត និងកែប មានទិន្នផលខ្ពស់ ហើយឆ្លើយតបតាមតម្រូវការក្នុងស្រុក

ខេត្តកំពត៖ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ទិន្នផលអំបិល ដែលប្រមូលបានជាង ៨៤ ០០០តោន ក្នុងឆ្នាំ២០២០ បានធ្វើឲ្យកម្ពុជា ចៀសផុតពីកង្វះអំបិលប្រើប្រាស់ ក្នុងស្រុកដូចកាលពីប៉ុន្មានឆ្នាំកន្លងមក។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បញ្ជាក់ថា អាកាសធាតុអំណោយផលល្អ បានធ្វើឲ្យការផលិតអំបិល ក្នុងខេត្តកំពត-កែប ទទួលបានផលខ្ពស់ប្រហែល ៨៤០០០តោន កាលពីឆ្នាំមុន។

លោកបន្តថា កាលពីឆ្នាំមុនការប្រមូលផល ក៏មានរយៈពេលយូរផងដែរ ដោយកសិករអាចប្រមូលផលចាប់ពីខែមករា ដល់ខែសីហា ខណៈធម្មតាការប្រមូលផល គឺត្រូវបញ្ចប់ត្រឹមខែឧសភា។

លោកបន្ថែមថា អំបិលឆ្នាំមុន យើងលក់ចេញជិតអស់ហើយ គឺនៅសល់ ក្នុងស្តុកប្រមាណ ០១ម៉ឺនតោនប៉ុណ្ណោះ។ អំបិលឆ្នាំនេះ មានតម្លៃចន្លោះពី៨០០០រៀល ទៅដល់ ១២ ០០០រៀល ក្នុង ០១បាវ ដែលមានទម្ងន់ ៥០គីឡូក្រាម។ យើងមិនប្រឈមនឹងកង្វះអំបិលទេ ដោយទិន្នផលនេះ គឺយើងអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន។ កាលពីឆ្នាំ ២០១៤, ២០១៥ និងឆ្នាំ២០១៦ គឺជាពេល ដែលកម្ពុជាប្រមូលផលបានច្រើន ដោយក្នុង ០១ឆ្នាំៗ បានជាង ១០ម៉ឺនតោន។

ទោះជាបែបណា ទិន្នផលនេះ បានធ្លាក់ចុះ ០៣ឆ្នាំ ជាប់គ្នាវិញ (២០១៧,២០១៨ និង២០១៨)។

របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា ឆ្នាំ២០១៩ ដោយសារខ្វះអំបិលរដ្ឋាភិបាលបានអនុញ្ញាតឱ្យសហគមន៍នាំចូលអំបិល ៣០ ០០០តោន ប៉ុន្តែជាក់ស្តែងនាំចូលប្រហែល ០១ម៉ឺនតោនប៉ុណ្ណោះ ដោយសារកម្ពុជា អាចផលិតអំបិលបាននៅដើមឆ្នាំមុន។

របាយការណ៍ បានបង្ហាញថា ការផលិតអំបិល ក្នុងខេត្តទាំង ០២ ស្ថិតលើផ្ទៃដីប្រមាណ ៤៧៤៨ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៥០០០នាក់ កាលពីឆ្នាំមុន។ បើអាកាសធាតុល្អ ក្នុង ០១ហិកតា គេអាចផលិតអំបិល បានប្រហែល ២០តោន ក្នុងរយៈពេល ០១ឆ្នាំ៕

អត្ថបទ៖ Post Khmer
រូបភាព៖ ក្រុមទេសចរខ្មែរ-Khmer Tourist

អត្ថបទដែលជាប់ទាក់ទង