លោក កឹម សុខា ចុះជួបសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ ជូនពលករខ្មែរកំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តជាប់ប្រទេសថៃ

ខេត្តបាត់ដំបង៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុកថា ទោះបីរូបលោក នៅមិនទាន់មានសិទ្ធិសេរីភាពពេញលេញ ជាពិសេសការជាប់បម្រាម មិនអាចធ្វើសកម្មភាពនយោបាយបានក៏ដោយ ក៏រូបលោកតែងតែមានមនោសញ្ចេតនា នឹករលឹក ខ្វល់ខ្វាយ ចង់ចូលរួមបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិខ្មែរ តាមលទ្ធភាព នូវអ្វីដែលរូបលោកអាចធ្វើបាន។

លោក កឹម សុខា បន្តថា ក្នុងសប្តាហ៍នេះ រូបលោក បានធ្វើដំណើរមកសួរសុខទុក្ខ និងនាំយក នូវជំនួយមនុស្សធម៌មួយចំនួន មកជូនពលករខ្មែរ ដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ហើយបាន និងកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលក្នុងខេត្តខ្លះ ជាប់ព្រំដែនប្រទេសថៃ។

លោក កឹម សុខា ឲ្យដឹងដូច្នេះ រូចបន្តថា សម្រាប់រសៀលថ្ងៃពុធ ទី១៣ ខែមករានេះ រូបលោក និងសហការី បាននាំយកជំនួយមនុស្សធម៌ ជាថវិកាចំនួនដប់លានរៀល (១០ ០០០ ០០០៛) ដែលបានមកពីសប្បុរសជនខ្មែរ រស់នៅសហរដ្ឋអាមេរិក និងសម្ភារៈការពារមេរោគឆ្លង មានម៉ាស់ និងសាប៊ូលាងសម្អាតកម្ចាត់មេរោគមួយចំនួន ដែលបានមកពីសប្បុរសជនខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងក្នុងប្រទេសកម្ពុជា ទៅជូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលផ្ទះសំណាក់ភ្នំយ៉ាត ខេត្តប៉ៃលិន។

ឆ្លៀតឱកាសនេះផងដែរ លោក កឹម សុខា ក៏បានថ្លែងអំណរគុណសប្បុរសជនទាំងអស់ ដែលបានផ្តល់ជំនួយមនុស្សធម៌ ជាបន្តបន្ទាប់មកនេះ។

ជាងនេះទៀត អតីតប្រធានគណបក្សប្រឆាំងរូបនេះ ក៏បាន
លើកទឹកចឹត្តដល់ កម្លាំងសមត្ថកិច្ចដែលបានថែរក្សាការពារសុខភាពជូនប្រជាពលរដ្ឋ និងសូមជូនពរបងប្អូនជនរួមជាតិ មានសុខភាពល្អ ចៀសផុតពីជម្ងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង