លោក គួច ចំរើន ចុះជួបសំណេះសំណាលជាមួយ កីឡាករកីឡាការិនី វាយស៊ីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ បានចុះសំណេះសំណាល ជាមួយ កីឡាករ កីឡាការិនី វាយស៊ីខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

លោក ថោង វីរ៉ូ គ្រូបង្វឹកកីឡាករវាយសីខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពវាយសីនៅខេត្តព្រះសីហនុ មានកីឡាករ កីឡាការិនីវាយសី ចំនួន១៨នាក់ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ និងឈានទៅប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខ។

លោក គួច ចំរើន ថ្លែងថា ជាមោទនភាពសម្រាប់កីឡាករវាយសី របស់យើង បានចូលរួមជាមួយសង្គមជាតិ។ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់យុវជន ឱ្យចូលរួមលេងកីឡា ពិសេសប្រជាពលរដ្ឋ ត្រូវប្រកាន់យកការលេងកីឡា ដើម្បីសុខភាព និងនៅឲ្យឆ្ងាយពីគ្រឿងញៀនជាដើម។

លោក គួច ចំរើន បន្តថា ចំពោះការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យយុវជនយើងចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅក្នុងតំបន់អាស៊ាន។ ហើយអ្វីសំខាន់កម្ពុជា ក៏ត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជាក្នុងឆ្នាំ២០២៣ខាងមុខ។

លោកអភិបាលបន្តថា រាជរដ្ឋាភិបាល បានសាងសង់ទីលានលេងកីឡានៅរាជធានី និងខេត្តមួយចំនួន ដូច្នេះយើងត្រូវមានកីឡាករចូលរួមប្រកួតគ្រប់វិញ្ញាសារ ឱ្យបានកាន់តែច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយរាជរដ្ឋាភិបាល បានចលនាមហាជន ឱ្យចូលរួមហ្វឹកហាត់ និងលេងកីឡា ដោយមានគ្រូបង្វឹកមកពីបរទេស។ ម្យ៉ាងទៀតកីឡាវាយសីខេត្តព្រះសីហនុ ដែលត្រូវចូលរួមប្រកួតជំរើសជាតិ ត្រូវខិតខំបញ្ចេញទេពកោសល សមត្ថភាព កម្លាំងកាយ ដើម្បីដណ្តើមជ័យជំនះ សម្រាប់ខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង