រដ្ឋបាលក្រុងព្រះសីហនុ ឃាត់រថយន្តក្រឡុកបេតុង ដែលធ្វើឲ្យប្រឡាក់ផ្លូវ..
ខេត្តព្រះសីហនុ៖ ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បានចុះឃាត់រថយន្តក្រឡុកបេតុង
ឬស៊ីម៉ងត៍ ដែលចាក់បេតុងនៅការដ្ឋានសំណង់មួយកន្លែង បានបណ្តាលឱ្យប្រឡាក់ផ្លូវលេខ៤០០ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ផ្លូវបេតុងលេខ៤០០នេះ ជាផ្លូវមួយខ្សែ ក្នុងចំណោមផ្លូវទាំង៣៤ខ្សែ។ ហើយរយៈពេលកន្លងមក ផ្លូវនេះ ក្រុមហ៊ុនពិស្ណុការ បានលាងសំអាតជារៀងរាល់ថ្ងៃ និងត្រៀមអ៊ុតកៅស៊ូ AC នាពេលឆាប់ៗនេះ។
បច្ចុប្បន្ន រថយន្ត របស់ក្រុមហ៊ុនក្រឡុកបេតុង ដែលបានធ្វេីឱ្យប៉ះពាល់ដល់ផ្លូវខាងលេីនេះ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ នាំយកមករក្សាទុកនៅសាលាក្រុង និង តម្រូវឱ្យក្រុមហ៊ុន លាងសំអាតផ្លូវ ឱ្យបានស្អាតដូចដេីម។
បន្ថែមលើនេះ រដ្ឋបាលក្រុងព្រះសីហនុ បានអំពាវនាវដល់ក្រុមហ៊ុនទាំងឡាយ ដែលប្រកបអាជីវកម្មក្រឡុកបេតុង ក្នុងក្រុងទាំងអស់ ត្រូវបង្កេីនការប្រុងប្រយ័ត្ន និងសូមយកចិត្តទុកដាក់ចូលរួមថែរក្សា សំអាតផ្លូវថ្នល់ ដែលជាសមទ្ធិផលរបស់រាជរដ្ឋាបាលកម្ពុជា៕

