នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ណែនាំ​មហាជន​ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះសារ​ដែល​បន្លំធ្វើជាសារ​មក​ពី​ ធនាគារ​កា​ណា​ឌី​យ៉ា​

រាជធានី​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ថាប័ននេះ ទើបបាន​រក​ឃើញ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ បាន​ទទួល​សារ​ ជា​ភាសា​អង់គ្លេស​ ដែល​បន្លំ​ធ្វើ​ជា​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា​ ដោយ​អះអាង​ថា​ គណនី​ធនាគារ​ របស់​លោក​អ្នក​ ត្រូវ​បាន​ចូល​ប្រើ​ជាមួយ​ឧបករណ៍​ផ្សេង​ទៀត​ ហើយ​ថែម​ទាំង​ផ្ដល់​ នូវ​តំណ​ភ្ជាប់​ដើម្បី​ឱ្យ​ពួក​គេ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ (Your​ Canadia​ bank​ account​ has​ been​ logged​ in​ through​ another​ platform,​ please​ verify​ again​ to​ protect​ your​ rights.​ www.canadias.com)។

ចំពោះករណីនេះ ​នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ ចូល​ទៅ​គេហទំព័រ​នោះ តាម​តំណ​ភ្ជាប់​ វា​នឹង​ទាមទារ​ឱ្យ​បំពេញ​ព័ត៌មាន​លម្អិត​ មាន​ដូច​ជា​៖ ឈ្មោះ​ ថ្ងៃ​ ខែ​ ឆ្នាំ​កំណើត​ លេខ​អត្តសញ្ញាណ​បណ្ណ​ លេខ​ទូរ​សព្ទ​ ឈ្មោះ​ សម្រាប់​ចូល​ទៅ​ក្នុង​គណនី​ និង​លេខ​សម្ងាត់​ផង​ដែរ​។

តាម​ការ​ស្រាវជ្រាវ​ របស់​នាយកដ្ឋាន​បាន​រក​ឃើញ​ថា​ នេះ​គឺជា​គេហទំព័រ​ក្លែងក្លាយ​ ដែល​ជនខិលខូច​បង្កើត​ឡើង​ ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន​ ដែល​អាច​ឱ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ​ ក្នុង​គោលបំណង​លួច​យក​ប្រាក់​កាស​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ​។​

ផ្តើមពីបញ្ហានេះ ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ដែល​ទទួល​បាន​សារ​ណាមួយ​ ដែល​ទាមទារ​ឱ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ ព្រោះ​នេះ​គឺជា​ល្បិច​ដែល​ជនខិលខូច​ប្រើ​ ដើម្បី​លួច​យក​ព័ត៌មាន​ របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ​ ហើយ​វិធី​ ដែល​ល្អ​បំផុត​នោះ​គឺ​លោក​អ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម៕

អត្ថបទដែលជាប់ទាក់ទង