Update ករណីសមត្ថកិច្ច បាញ់សម្លាប់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល

រាជធានីភ្នំពេញ៖ នាយកដ្ឋានព្រណ្មទណ្ឌក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណជិត៦ ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចចំរុះខេត្ត បានប៉ះប្រយុទ្ធគ្នាដោយអាវុធជាមួយជនសង្ស័យ ដែលជាឃាតករបាញ់សម្លាប់ លោក វរសេនីយ៍ឯក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ ប៉ុន្តែបច្ចុប្បន្ន នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងនាយកដ្ឋានព្រណ្មទណ្ឌ បាញ់សម្លាប់ហើយ នៅក្បែរអូរ ជាប់ជើងភ្នំកន្តៀរ ស្រុកសំបូរ ខេត្តក្រចេះ ខណៈជនសង្ស័យ បំរុងឆ្លងព្រំដែន ដើម្បីគេចខ្លួនទៀត​។

ការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច កាលពីល្ងាចមិញនេះ ជនសង្ស័យ បានបាញ់រះមកលើកងកម្លាំងចំរុះអស់ជាច្រើនគ្រាប់ ទេីបធ្វើកម្លាំងសមត្ថកិច្ច បាញ់តបតវិញ ក្នុងការប្រើសិទ្ធិការពារខ្លួន ដោយបាញ់ចំក្បាល បណ្ដាលឲ្យជនសង្ស័យស្លាប់ភ្លាមៗ នៅកន្លែង។

ទាក់ទិនសំណុំរឿងនេះ ចៅក្រមស៊ើបសួរ លី សុខា បានចេញដីកាបង្គាប់អោយចាប់ខ្លួនលេខ០៣២វដវន ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយចោទ ប្រកាន់ ឈ្មោះ អ៊ា ណារ៉េន អាយុ ៣៩ឆ្នាំ ពីបទឃាតកម្ម និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យ បានប្រើអាវុធខ្លីម៉ាក CZ 75B លេខ 5493V ពណ៌ទឹកប្រាក់៕

អត្ថបទដែលជាប់ទាក់ទង