រថយន្ត HYUNDAI បុកប៉ះជាមួយរថយន្ត COROLLA តាមផ្លូវជាតិលេខ៤ ស្លាប់មនុស្ស២នាក់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៦ ខែមករាឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងរវាងរថយន្តបុកប៉ះជាមួយរថយន្ត លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្ស ០២នាក់ស្លាប់ និង០២នាក់ទៀតរងរបួសធ្ងន់។

សមត្ថកិច្ច បន្តថា រថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។

ចំណែករថយន្ត ០១គ្រឿងទៀត ម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2C-0818 មានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរចំនួន ០៣នាក់រួមមាន៖ ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ(រងរបួសធ្ងន់), ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ(រងរបួសធ្ងន់) និងឈ្មោះ លីន អាយុ ២៩ឆ្នាំ(ស្លាប់) ជនរងគ្រោះទាំង ០៤នាក់ មានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសាកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន វត្ថុតាងរថយន្តទាំង ០២ បានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ដោយឡែក អ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង