លោកនាយឧត្តមសេនីយ៍ យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ថ្លែងអំណរគុណអ្នកគាំទ្រ..

រាជធានីភ្នំពេញ៖ អតីតអភិបាលខេត្តព្រះសីហនុ គឺលោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១នេះ ដោយបានថ្លែងអំណរអរគុណ ចំពោះបំណងល្អ របស់ក្រុមអ្នកសារព័ត៌មាន ក៏ដូចជាផេក អាខោនហ្វេសបុកទាំងអស់ ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធនឹង ការទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសវិទ្យាសាស្ត្រនយោបាយ របស់លោក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែដើម្បីជៀសវាងការយល់ច្រឡំណាមួយជាយថាហេតុ លោក យន្ត មីន បានបញ្ជាក់ថា ពាក់ព័ន្ធឈ្មោះ “ភ្នំតាមីន” គឺភ្នំនេះ ត្រូវបានសាធារណៈជន ហៅតៗគ្នាថា ភ្នំតាមីន (គឺជាឈ្មោះរបស់ខ្ញុំ យន្ត មីន) ដែលចាប់ផ្តើមពីបងប្អូនពលទាហាន នាយទាហានខេត្តកោះកុង ហៅចាប់តាំងពីពេល ដែលកងទ័ពកម្ពុជា បានចូលកាន់កាប់វិញ បន្ទាប់ពីទាហានថៃ បានលុកលុយក្នុងអំឡុងឆ្នាំ ដែលកម្ពុជា-ថៃ មានជម្លោះរឿងប្រាសាទព្រះវិហារ ហើយរូបលោកបានបញ្ជាកម្លាំងយោធាកម្ពុជា វាយរុញច្រានកាន់កាប់ភ្នំនៅវិញ ។

អតីតមេបញ្ជាការយោធា ប្រចាំខេត្តកោះកុង លោក យន្ត មីន បានបញ្ជាក់បន្ថែមថា តាមសាច់រឿងវែងឆ្ងាយ ហើយពិតមែនទៅ រូបលោក មិនមែនជាម្ចាស់ភ្នំនេះទេ “ភ្នំតាមីន”។ ភ្នំនេះនៅតែជាសម្បត្តិ របស់ជាតិ មិនមែនជាកម្មសិទ្ធិ របស់លោកឡើយ ហើយភ្នំនេះ ជាចំណុចយុទ្ធសាស្ត្រយោធា។

ម្យ៉ាងវិញទៀត សម្រាប់សញ្ញាប័ត្របណ្ឌិតកិត្តិយស របស់លោក ដែលទទួលបានពីសាកលវិទ្យាល័យកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ រូបលោកមានអារម្មណ៍ថា លោកគ្រាន់តែជាអ្នកចេញមុខទទួល ក្នុងភាពជាតំណាងប៉ុណ្ណោះ ត្បិតលទ្ធផលការងារកន្លងមកនេះ រូបបានធ្វើតាមការចង្អុលទិស ការណែនាំ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងអស់ ពិសេសការណែនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែផ្តល់អនុសាសន៍ចង្អុសទិសជាប្រចាំ, ក្នុងនោះ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ, សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ក្រសួងជំនាញ និងមានកិច្ចសហការ ជាមួយសហការីគ្រប់ថ្នាក់ គ្រប់ជំនាញ។

លោក យន្ត មីន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ព្រមជាមួយគ្នានេះដែរ ក៏មានបងប្អូនសាច់ញាតិ មិត្តភ័ក្រជិតឆ្ងាយ ដែលតែងតែផ្តល់ការគាំទ្រជានិច្ច ដល់រូបលោក ក៏ជាប្រភព នៃកំលាំងចិត្ត ជំរុញឲ្យរូបលោក ឈានទៅទទួលបាន នូវមហាកិត្តិយសនេះ”។

ឆ្លៀតក្នុងឱកាសនេះ លោក យន្ត មីន ក៏បានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាមគ្គុទេសដ៏ឆ្នើម សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងជំនាញ ព្រមទាំងសហការីទាំងអស់ ដែលតែងតែផ្តល់ការណែនាំ គាំទ្រ និងជួយជ្រោមជ្រែង ដល់រូបលោកកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង