លោក ជា សុផារ៉ា ស្នើមន្ត្រីពាក់ព័ន្ធសហការជាមួយ មន្ត្រីសុរិយោដីពេលចុះវាស់វែងព្រំដី
រាជធានីភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតណែនាំ ដោយស្នើក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី-ខេត្ត ឲ្យសហការនិងផ្ទៀងផ្ទាត់ក្បាលដីជាមួយ មន្ត្រីសុរិយោដី ពេលចុះអង្កេតវាស់វែង និងកំណត់ព្រំដី ដើម្បីចៀសវាងការកើតមានវិវាទដីធ្លី។
សំណើរខាងលើនេះ ធ្វើឡើងតាមរយៈលិខិត ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ របស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងការពារជាតិ, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រសួងស្ថាប័ន ដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងអភិបាលរាជធានី-ខេត្ត ចូលរួមសហការអនុវត្ត។
លិខិតដដែលនេះ បានបញ្ជាក់ថា កន្លងមក ក្រសួងរៀបចំដែនដី បានសង្កេតឃើញមានករណី នៃការវាស់វែងនិងកំណត់ព្រំក្បាលដី ក្នុងគោលដៅផ្តល់កម្មសិទ្ធិនិងសិទ្ធិជួលដីឯកជន របស់រដ្ឋ ដោយគ្មានការពិនិត្យ និងផ្ទៀងផ្ទាត់ពីរដ្ឋបាលសុរិយោដី ដែលធ្វើឱ្យនិយាមការ នៃក្បាលដីខ្វះភាពសុក្រឹត្យ ជាន់ក្បាលដីគ្នានិងបង្កឱ្យមានវិវាទដីធ្លី។
លិខិតដដែលនេះ សង្កត់ធ្ងន់ថា ដើម្បីចៀសវាងបញ្ហាទាំងអស់នេះ ក្រសួងរៀបចំដែនដី បានស្នើដល់ក្រសួងស្ថាប័នដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ និងរដ្ឋបាលរាជធានី-ខេត្ត នៅពេលចុះអង្កេតវាស់វែងក្បាលដី ត្រូវមានការចូលរួមអនុវត្ត និងផ្ទៀងផ្ទាត់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាព មានសមត្ថកិច្ចតែមួយគត់ ក្នុងការវាស់វែងកំណត់ព្រំក្បាលដី ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១។
ក្រសួងរៀបចំដែនដី បានណែនាំបន្តថា រាល់ទិន្នន័យវាស់វែងក្បាលដី ក្នុងគោលដៅស្នើសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីផ្តល់កម្មសិទ្ធិ និងសិទ្ធិ ជួលដីឯកជន របស់រដ្ឋ ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តរបស់ក្រសួង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ជាមុន ហើយរាល់ការជួលដីឯកជន របស់រដ្ឋ ត្រូវចុះបញ្ជីចេញបណ្ណកម្មសិទ្ធិជាដីឯកជន របស់រដ្ឋជាមុនដែរ។
បន្ដែមលើនេះ ក្រសួងរៀបចំដែនដី ក៏បានតម្រូវឲ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវប្រគល់ភារកិច្ច ឲ្យមន្ទីររៀបចំដែនដីរាជធានី-ខេត្ត ក្នុងការចុះវាស់វែងកំណត់និយាមការ និងផ្ទៀងផ្ទាត់ ជាមួយប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដីផងដែរ៕

