ជនសង្ស័យ២នាក់ ឆក់កាបូបស្រ្តីម្នាក់ធ្វើដំណើរតាមផ្លូវម្តុំអូរ១

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋ រាយការណ៍កាលពីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ប្រាប់នូវភិនភាគ និងមធ្យោបាយធ្វើសកម្មភាព ដែលជនសង្ស័យចំនួន ០២នាក់ ឆក់កាបូបស្រ្តីម្នាក់ធ្វើដំណើរតាមផ្លូវម្តុំអូរ១ រួចបើកម៉ូតូរត់គេចខ្លួនបាត់ ហើយភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក៏ឃាត់បានជនសង្ស័យ ០២នាក់ នៅចំណុចម្ដុំឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ០២នាក់រួមមាន៖ ឈ្មោះ សាន ភារ៉ាត់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ សែត ចន្ធូ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ០១គ្រឿង ម៉ាកសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1F-1214 (ជាមធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ខាងលើនេះ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស៕

អត្ថបទដែលជាប់ទាក់ទង