កម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត របស់ថ្នាក់ដឹកនាំក្រុង-ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត របស់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានចូលរួមបរិច្ចាគឈាមជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) ដែលជាក្រុមហ៊ុនប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ដោយការចូលរួមបរិច្ចាគឈាម ជាការជួយសង្គ្រោះអាយុជីវិតមនុស្សត្រូវការឈាមចាំបាច់ ហើយការបរិច្ចាគឈាម បានឆ្លុះបញ្ចាំងពីការងារមនុស្សធម៌ ក្នុងសង្គមប្រកបដោយស្ម័គ្រចិត្ត។

ក្នុងឱកាសនោះ លោក គួច ចំរើន បានកោតសរសើរ ចំពោះក្រុមគ្រូពេទ្យរបស់យើង ដែលបានខិតខំបង្ហាត់បង្រៀនក្រុមគ្រូពេទ្យផ្សេងទៀត ឲ្យចេះពីរបៀបរបបយកសំណាក និងវិធានការព្យាបាល ជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលខេត្តព្រះសីហនុមានអ្នកជំងឺកូវីដ-១៩ មុនគេក្នុងប្រទេសកម្ពុជា ជាពេលមួយដែលក្រុមគ្រូពេទ្យយើងមិនទាន់មានបទពិសោធន៍ ក្នុងការព្យាបាល តែទោះបីយ៉ាងណានេះជាភារកិច្ច របស់គ្រូពេទ្យ ត្រូវព្យាបាលចំពោះអ្នកជំងឺ។ ដោយឃើញថាក្រុមគ្រូពេទ្យរបស់យើងចេះយកសំណាក ព្យាបាល ទទួលបានលទ្ធផលល្អ ដូច្នេះមន្ត្រីសុខាភិបាល ត្រូវបន្តហ្វឹកហ្វឺនបន្តទៀត ដើម្បីត្រៀមបង្ការករណី ទប់ស្កាត់ការឆ្លងដល់សហគមន៍។ ហើយត្រូវបន្តហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យកងទ័ពជើងទឹក និងបន្តទៅហ្វឹកហាត់ដល់ក្រុមគ្រូពេទ្យតំបន់ប្រតិបត្តិការសឹករងខេត្តបន្តទៀត ដើម្បីប្រើប្រាស់ឱ្យអស់លទ្ធភាព ។

លោក ដេវីដ ប្រធានក្រុមហ៊ុន ខេអេសដាប់ប៊ែលយូអិម (KSWM,Co,Ltd) បានឱ្យដឹងថា ថ្ងៃនេះមានថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន បានចូលរួមបរិច្ចាកឈាមដោយស្ម័គ្រចិត្តចំនួន ១៨០នាក់ និងបុគ្គលិកក្រុមហ៊ុន KB Hotel ២២នាក់៕

អត្ថបទដែលជាប់ទាក់ទង