លោក គួច ចំរើន ចុះជួបសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល មកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពនានា ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ អញ្ជើញសំណេះសំណាល ជាមួយមន្ត្រីសុខាភិបាល មកពីមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារសុខាភិបាលនៅខេត្តព្រះសីហនុ មានមណ្ឌលសុខភាពចំនួន ១៦កន្លែង នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយសារតែស្ថានភាពមណ្ឌលសុខភាពខ្លះនៅមិនទាន់មានរបងព័ទ្ធជុំវិញនៅឡើយ ហើយមណ្ឌលសុខភាពខ្លះ មានទីធ្លាទាបតម្រូវចាក់ដីបំពេញ ប្រព័ន្ធលូ និងផ្ទះរង់ចាំជាដើម។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តមានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតាមមណ្ឌលសុខភាព ដើម្បីកែលម្អសោភ័ណភាព បរិស្ថាននៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តព្រះសីហនុ និងត្រូវសាងសង់មណ្ឌលសុខភាពណា ដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋមកទទួលសេវា នៅមណ្ឌលសុខភាព ដែលនៅជិតផ្ទះពួកគាត់ ដើម្បីភាពងាយស្រួល។

លោកបន្តថា យើងបានសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្រ្ដនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រេចបាន ៩០ភាគរយ សម្រាប់ធ្វើការវិភាគសំណាករកមេរោគកូវីដ-១៩ និងប្រភេទជំងឺឆ្លងផ្សេងៗទៀត ដែលកន្លងមកយើងយកសំណាកភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានការសង្ស័យមានជំងឺកូវីដ-១៩ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ វាជួបហានីភ័យច្រើន និងមានការយឺតយ៉ាវ។ នៅពេលមន្ទីរពិសោធន៍របស់យើងសាងសង់ និងបំពាក់ឧបករណ៍រួចរាល់នឹងមានភាពងាយស្រួល ក្នុងការវិភាគរកមេរោគកូវីដ-១៩នៅទីនេះ។

លោកអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យើងមានថវិកាមួយចំនួនបំរើឱ្យវិស័យសុខាភិបាល នៅខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើងថែមទៀត ជំហានដំបូងយើងរៀបចំសាងសង់របង នៅតាមមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពជូនក្រុមគ្រូពេទ្យរបស់យើង និងបង្កើនសោភ័ណភាព បរិស្ថាន និងជំនឿទុកចិត្ត ពីប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង