រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង បានជូនស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីពន្លត់អគ្គីភ័យក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អភិបាលនៃ គណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន កាលពីរសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានផ្តល់រថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ ដែលជាអំណោយ របស់ទីក្រុងឆាំងវ៉ុន (Changwon City) សាធារណរដ្ឋកូរ៉េ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងឆាំងវ៉ុន (Changwon City) ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែករំលែក នូវសម្ភារៈប្រើប្រាស់ នូវមធ្យោបាយរថយន្តពន្លត់អគ្គីភ័យចំនូន ០៣គ្រឿងនេះ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា រកជំនួយជារថយន្តពន្លត់អគ្គីភ័យជួយដល់ខេត្តព្រះសីហនុ។ ហើយថ្ងៃនេះយើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គីភ័យទាំង ០៣គ្រឿងនេះ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយពន្លត់បង្ការអគ្គីភ័យ ក្នុងខេត្តព្រះសីហនុ របស់យើង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មកដល់ពេលនេះស្នងការនគរបាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គីភ័យចំនួន ១១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង