ជនជាតិចិនបាញ់សម្លាប់ចិនដូចគ្នា ផ្អើលទាំងព្រឹកក្នុងក្រុងព្រះសីហនុ ហើយខ្មាន់កាំភ្លើងគេចខ្លួនដោយសុវត្ថិភាព

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ខ្មាន់កាំភ្លើងជនជាតិចិន បានធ្វើសកម្មភាពបាញ់ប្រហារបុរសម្នាក់ ជាជនជាតិចិនដូចគ្នា បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខកាស៊ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានប្រាប់ជាបឋមថា ជនរងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AL-9459។

ចំណែកជនសង្ស័យជាខ្មាន់កាំភ្លើង បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះរួចមក
ក៏បានជិះរថយន្ដមួយគ្រឿង ម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-1413 យកទៅផ្លុងចោលនៅដីឡូត៍ នៅម្តុំឆ្នេរអូរឈើទាល២(ឆ្នេរអារីស្តុន) ហើយចុះរត់គេចខ្លួនបាត់។

ជុំវិញបញ្ហាខាងលើ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ ពីដើមហេតុ ដែលនាំឲ្យមានការបាញ់ប្រហារនេះនៅឡើយទេ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងខាងលើ ដោយកចិត្ដទុកដាក់ និងស្រាវជ្រាវបន្ត ដើម្បីឈានដល់នាំខ្លួនខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង