សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង របស់អង្គការឃែរកម្ពុជា “ស្ដីពីការបំពេញបែបបទ សម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព”

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង របស់អង្គការឃែរកម្ពុជា “ស្ដីពីការបំពេញបែបបទ សម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព” ដោយមានការអញ្ជើញចូលរួមពី លោកស្រីឧត្តមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋាន គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី ហៀក ហ៊ី​មុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំង លោកស្រី​ ម៉ន បូរីណា ប្រធានកម្មវិធីជាន់ខ្ពស់ របស់អង្គការឃែរអន្តជាតិ ប្រចាំកម្ពុជា រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តផងដែរ។

នាឱកាសនោះ លោកស្រី​ ម៉ន បូរីណា ប្រធានកម្មវិធីជាន់ខ្ពស់ របស់អង្គការឃែរអន្តរជាតិ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការឃែរ គឺជាអង្គការអភិវឌ្ឍន៍អន្តរជាតិដែលធ្វើការ ក្នុងទិសដៅប្រយុទ្ធប្រឆាំង និងភាពក្រីក្រជាសកល ដោយផ្ដោតជា ពិសេសធ្វើការលើស្ត្រី និងកុមារី ដើម្បីនាំមកនូវការផ្លាស់ប្ដូរប្រកបដោយនិរន្តភាពដល់សហគមន៍ របស់ពួកគេ ហើយចំណុចអាទិភាពរបស់អង្គការឃែរគឺ៖ ពង្រឹងសមភាពយេនឌ័រ និងសំឡេងរបស់ស្ត្រី, លើកកម្ពស់អភិបាលកិច្ច ដោយមានការចូលរួម, ការបង្កើតនូវភាពធន់ទ្រាំ។

ចំណែក លោកស្រី ហៀក ហ៊ី​មុល្លី អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ នៃគម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព បានរៀបចំឡើងកិច្ចសហការណ៍ រវាងគណៈកម្មការធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងរដ្ឋបាលខេត្ត ព្រមទាំងអង្គការឃែរអន្តជាតិ ប្រចាំកម្ពុជា ក្រោមមូលនិធិគាំទ្រភ្នាក់ងារអង្គការសហប្រជាជាតិ លើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី ក្រោមកម្មវិធីសុវត្ថិភាព និងយុត្តិធម៌។

លោកស្រីអភិបាលរង បន្តទៀតថា បញ្ហាចំណាកស្រុក អំពើជួញដូរមនុស្ស និងអំពើហិង្សាលើស្ត្រី ជាបញ្ហារួមរបស់ពិភពលោក ប្រទេសក្នុងតំបន់រួមទាំងប្រទេសកម្ពុជាផងដែរ ហើយដើម្បីឆ្លើយតប នូវបញ្ហានេះ រដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយ នីតិវិធី និង​យន្តការ ដែលមានស្រាប់ដូចជា៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្នាក់ជាតិ ថ្នាក់ខេត្ត​ ថ្នាក់ស្រុក​ គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារថ្នាក់ខេត្ត ស្រុកនិងឃុំ​ បានដើរតួនាទីសំខាន់ឆ្លើយតបទៅលើបញ្ហាស្ត្រីនិងកុមារ ដែលងាយរងគ្រោះក្នុងការចំណាកស្រុក និងអ្នក​ដែលបានចំណាកស្រុករួចហើយ៕ ដោយ៖ កុប ហារីត

 

អត្ថបទដែលជាប់ទាក់ទង