លោក ជាង សុខា អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប បានទទួលមរណភាពដោយរោគាពាធ ក្នុងអាយុ៤៣ឆ្នាំ

រាជធានី​ភ្នំពេញ៖ អ្នកសារព័ត៌មានល្បីឈ្មោះមួយរូប គឺ លោក ជាង សុខា ដែលបានចូលបម្រើការងារ ក្នុងអាជីពជាអ្នកកាសែតជាង ២០ឆ្នាំកន្លងមកនេះ បានទទួលមរណភាពដោយរោគាពាធ នៅព្រឹក​ថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ ក្នុងអាយុ ៤៣ឆ្នាំ។

លោក ជាង សុខា ​បាន​ធ្លាក់ខ្លួនឈឺធ្ងន់ក្នុងប៉ុន្មានខែចុងក្រោយនេះ ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក្រោយមក បានបន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ប្រទេសថៃ។ ប៉ុន្តែស្ថានភាពជំងឺ របស់លោក មិនបានធូរស្បើយនោះទេ ទើបក្រុមគ្រួសារ និងសាច់ញាតិ ក៏សម្រេចបញ្ជូនរូបលោក មកកាន់ប្រទេសកម្ពុជា និងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានមួយរយៈពេលខ្លី ក៏ទទួលមរណភាព​នៅព្រឹកនេះ។

​ប្រវត្តិខ្លះៗបានបង្ហាញ លោក ជាង សុខា បានចូលប្រឡូកអាជីពជាអ្នកសារព័ត៌មាន ​មកដល់ឆ្នាំ​២០២១នេះ មានរយៈពេលជាង ២០ឆ្នាំកន្លងមកហើយៗ រូបលោកក៏ជាអ្នកកាសែតជើងចាស់ល្បីឈ្មោះមួយរូបនៅកម្ពុជា ពេលចូលបម្រើការងារនៅសារព័ត៌មានភ្នំពេញប៉ុស្តិ៍។ ក្រោយមក លោក ជាង សុខា ក៏បានចាកចេញពីសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ​​ទៅចូលបម្រើការងារនៅកាសែត Khmer Times ក្នុងតួនាទីជានិពន្ធនាយក​ បន្តរហូតរូបលោកបានធ្លាក់ខ្លួនឈឺ និងទទួលមរណភាពនៅព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១នេះ។

ក្រៅពីមានអាជីពជាអ្នកសារព័ត៌មាន លោក ជាង សុខា ក៏មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៅក្នុងសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅថា សសសក ផងដែរ។

បច្ចុប្បន្ន សពលោក ជាង សុខា ត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន របស់លោក មានអាសយដ្ឋាន ផ្ទះ លេខ 28J ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នេះចាត់ទុកជាដំណឹង គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់ បានជ្រាបជាដំណឹង និងអញ្ជើញចូលរួមបច្ច័យក្នុងពិធីបុណ្យ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

​លោក ជាង សុខា បានរៀបមង្គលការជាមួយស្ត្រីម្នាក់ ហើយមាន​កូនតូចៗចំនួន ០៣នាក់ គឺប្រុស០២នាក់ និងស្រីម្នាក់​៕

អត្ថបទដែលជាប់ទាក់ទង