គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស ស្ទើររាល់ថ្ងៃតាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៤ ស្លាប់មនុស្សស្ទើររាល់ថ្ងៃ។ សមត្ថកិច្ចអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរ ត្រូវប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា។

សមត្ថកិច្ចនគរ បានឲ្យដឹងថា កាលពីម៉ោង ០៨ និង៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៤-១៩៥ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងបង្កដោយម៉ូតូ ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ។

លុះមកដល់ចំណុចខាងលើ ក៏បានវ៉ាជែង មកខាងឆ្វេងដៃ រួចក៏បុករថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-6610 ដែលមានទិសដៅពីផ្ទុយគ្នា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលអោយស្លាប់មនុស្សចំនួន ០១នាក់៖

១- អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសាកសព ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។

ដោយឡែក អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង