សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយចែកពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់២៤៥គ្រួសារ

ខេត្តព្រះសីហនុ៖ រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាស្រុកព្រៃនប់ និងក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ សរុបចំនួន ២៤៥គ្រួសារ នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកស្រី ម៉ម សាមុត អនុប្រធានអនុសាខាស្រុកព្រៃនប់ បានរាយការណ៍ពីសកម្មភាព ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន ០៣ឃុំ។ ក្នុងនោះ ឃុំទឹកល្អក់ ១៧ខ្នងផ្ទះ, ឃុំសាមគ្គី ១៨ខ្នងផ្ទះ និងឃុំទឹកថ្លា ២១០ខ្នងផ្ទះ ។

នាឱកាសនោះ លោក លូ គឹមឈន់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ ដោយមិនមានការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលត្រវចែកជូន ប្រជាពលរដ្ឋខាងលើនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ០៦ដប, ប្រេងឆា ០១ដប, ទឹកសុទ្ធ ០១កេស, ឃីត ០១កញ្ចប់ (ក្រមា០១ មុង ០១ ភួយ ០១ សារុង០១) និងថវិកា ០៥ម៉ឺនរៀល៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង