គ្រោះថ្នាក់ចរាចរណ៍នៅឃុំអូរឧកញ៉ាហេង ផ្លូវជាតិលេខ៤ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណី បានកើតឡើងរវាងរថយន្តបុកប៉ះជាមួយម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ នូត លី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយឈ្មោះ លី សារី ភេទប្រុស អាយុ ៣៨ឆ្នាំ (រងរបួសធ្ងន់)។ ហើយអ្នកទាំងពីរ មានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរម៉ូតូម៉ាក WAVE ពណ៌ខ្មៅ គ្មានផ្លាកលេខ មានទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ឈឹម ចន្ថា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បើករថយន្តម៉ាក LEXUS RX ៣០០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២P-៧៥៩១ មានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ឃុំអូរឧកញ៉ាហេង។ រីឯវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច បានបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង