រថយន្ត HYUNDAI បុកប៉ះជាមួយម៉ូតូ HONDA-DREAM បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត បានកើតឡើង រវាងរថយន្តបុកប៉ះជាមួយម៉ូតូ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៤-២១៥ ស្ថិតនៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ច បញ្ជាក់ថា អ្នកបើកបររថយន្តឈ្មោះ វ៉ាន ឆេងលាង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិឃ្លាំងចាស់ ឃុំរាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ហើយបើកបររថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣D-៤៧៤៧ មានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។

ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ប៉េង សាវឿន ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់) បើកបរម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ​កំពង់ចាម ១V-១៦៣២ បើកបរមានទិសដៅពីផ្ទុយគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជន ៨៨៨ ក្នុងក្រុងតព្រះសីហនុ។ រីឯវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង